អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយ​ធំប្រចាំឆ្នាំនៅព្រឹកថ្ងៃទី២១ កុម្ភៈ

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងធ្វើលំហាត់​​សមយុទ្ធ​ទ្រង់ទ្រាយ​ធំនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៧ព្រឹក រហូតដល់ ១២ ថ្ងៃត្រង់។​នេះបើយោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល​។

សេចក្តីជូនដំណឹងស្ដីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ២០២៣នៅ​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញនៃរដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីសប្ដាហ៍មុន រដ្ឋលេខាធិការដ្ឋានអាកាស​​ចរណ៍ស៊ីវិល បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់ក្បែរអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញថា ដោយយោង​ទៅតាមច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ​អាកាស​ចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរ​ជាតិ (Airport Emergency Plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale​Airport_Emergency Exercise) រៀងរាល់ពីរឆ្នាំម្ដង ដើម្បីធានាបាននូវពេលវេលាឆ្លើយតបការទំនាក់ទំនងសាកល្បង​​​សមត្ថភាព និងការទទួលខុសត្រូវ​របស់ស្ថាប័ននីមួយៗ។ ដូច្នេះអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញនឹងធ្វើលំហាត់​សមយុទ្ធ​ទ្រង់ទ្រាយធំ នៅថ្ងៃសុក្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៧ព្រឹក រហូតដល់១២ ថ្ងៃត្រង់។

លំហាត់សមយុទ្ធនេះនឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជា​អណ្តាតភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណ​អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះផងដែរក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយ​មានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំង​ប្រដាប់​អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយាន​ដ្ឋាន SCA/CAMS និង​ក្រុមហ៊ុន​ចរាចរណ៍ដែនអាកាស CATS។

ដោយឡែកនៅថ្ងៃទី១៩ ខែកុម្ភៈ ក្រសួងព័ត៌មានបានចេញ​សេចក្តីជូន​ដំណឹងទៅដល់សាធារ​ណៈជន ម្ចាស់ប្រព័ន្ធ​ផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់អំពីព្រឹត្តិការណ៍លំហាត់សមយុទ្ធទ្រង់ទ្រាយ​​ធំនេះ​ថា លំហាត់​សមយុទ្ធនេះ រៀបចំឡើងដើម្បីជាបទពិសោធន៍ និងចំណេះដឹង​ដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា លើការងារ​ជួយសង្គ្រោះ​ជនរងគ្រោះនៅ​ពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។

ក្រសួងព័ត៌មានបានប្រាប់ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់​អារម្មណ៍ចូលរួមយកព័ត៌មាន​ក្នុងកម្មវិធីខាងលើ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈ​ទូរសព្ទលេខ៖ ០៩២ ១៦៨ ៦០០ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៥៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner