ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិ ចុះស្វែងយល់ពីការអភិរក្សត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

(ស្ទឹងត្រែង)៖ ក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិនៃប្រទេសមានវត្តមានសត្វត្មាតរស់នៅ ប្រមាណ ៣០នាក់រួមាន កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ព្រមទាំងអង្គការដៃគូ និងម្ចាស់ជំនួយដទៃទៀតមកពីប្រទេសអង់គ្លេស ជាដើមនេះ បានចុះទៅដល់តំបន់ការពារធម្មជាតិសៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីសិក្សាជាមេរៀន ដកបទពិសោធន៍ និងទទួលបានចំណេះដឹងពីការការពារ និងអភិរក្សសត្វត្មាតនៅទីនោះ។

នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាតនៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញផ្នែកអភិរក្សជាតិ និងអន្តរជាតិទាំងនោះ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរគំនិតយោល់ឱ្យគ្នាទៅវិញទៅមក សំដៅធានាវត្តមាន ក៏ដូចជាបង្កើនចំនួនសត្វត្មាតឡើងវិញ ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។

លោកស្រី Thiri Da Wei Aung តំណាងអង្គការអភិរក្សសត្វព្រៃរបស់ប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា VWG បានថ្លែងថា ការផ្ដល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍ជាទៀងទាត់ គឺជាការប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសរបស់ខ្លួនមិនទាន់ធ្វើបានដូចនៅកម្ពុជានេះឡើយ។

បើតាមការឲ្យដឹងរបស់លោក អៀង សំណាង ប្រធានផ្នែកតាមដាន និងអង្កេតជីវៈចម្រុះប្រចាំក្រុមហ៊ុន Rising Phoenix Co.Ltd ដែលជាក្រុមហ៊ុនទទួលការខុសត្រូវសម្រាប់ការចូលរួមអភិរក្ស និងដល់ចំណីបន្ថែមដល់សត្វត្មាត ដែលហៅថា “អាហារដ្ឋានត្មាត” ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ គឺត្រូវកាប់សត្វគោ រឿងសុទ្ធក្របីចំនួន១ក្បាល សម្រាប់សត្វត្មាតនៅក្នុងដែនឧទ្យានេះ។ ការដាក់ចំណីនេះ ត្រូវធ្វើជាទៀងទាត់រៀងរាល់ថ្ងៃព្រហស្បតិ៍ ដើម្បីរង់ចាំដល់ថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ឲ្យថ្ងៃចុះមកស៊ី ពោលគឺ ដើម្បីឲ្យសត្វគោ ឬសត្វទាំងបី ដែលត្រូវបានសម្លាប់នោះ ហើមស្អុយសិនទើបអាត្មាតចុះមកស៊ី។ លោកបញ្ជាក់ថាសត្វត្មាតនៅទីនេះ មានចន្លោះពី ៨០ក្បាល ទៅ១០០ក្បាលទៅតាមរដូវកាលនីមួយៗ ក្នុងនោះប្រភេទត្មាតភ្លើងមានប្រហែលជាង១០ក្បាល, ត្មាតផេះប្រមាណ ៨០ក្បាល, និងត្មាតត្នោតជាង ៤០ក្បាល។

លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក។

សត្វត្មាត ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន និងនាំចំណូលសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈភ្ញៀវទេសចរបង់កម្រៃចូលទស្សនានៅក្នុងតំបន់ធម្មជាតិ ដែលត្រូវបានការពារ។ ប៉ុន្តែ ពួកវា ត្រូវបានរាយការណ៍ថា ប្រឈមមុខនឹងការគំរាមកំហែងសំខាន់ៗជាច្រើនរួមមាន៖ ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ។ ជាមួយគ្នានេះ បញ្ហាសេនេទិចចង្អៀត ក្នុងចំណោមសត្វត្មាតដែលអាចបន្តពូជបាន ត្រូវបានលើកឡើងជាការព្រួយបារម្ភទាក់ទងនឹងការខ្សោយរបស់វាក្នុងការប្រឆាំងនឹងជំងឺ និងបង្កឱ្យធ្លាក់ចុះនូវសត្ថភាពបង្កកំណើត។

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា សុវត្ថិភាពរបស់វត្តមានសត្វត្មាតនៅកម្ពុជា ឈានទៅរកភាពល្អប្រសើរ តាមរយៈការពារតំបន់ផ្តល់ជម្រក ប្រភពចំណី និងចំណេះដឹងរបស់ប្រជាសហគមន៍រស់នៅក្បែរតំបន់ការពារធម្មជាតិ ដូចជាការមិនប្រើថ្នាំបំពុលទៅលើសត្វ ដំណាំកសិកម្ម ការមិនដាក់អន្ទាក់ចាប់សត្វព្រៃ ជាដើម។

លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា មន្ទីរបរិស្ថានដែលមានឧទ្យានុរៈបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូ ចុះល្បាត និងអនុវត្តច្បាប់ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដោយជាលទ្ធផលកត់សម្គាល់ឃើញថា បទល្មើសទៅលើធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃមានការថយចុះយ៉ាងច្រើន។ ការថយចុះនៃបទល្មើសនេះនដោយសារកត្តាពង្រឹងច្បាប់និងការបង្កើនការចុះល្បាត ការចុះផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋគួបផ្សំនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋកាន់តែប្រសើរអំពីការចូលរួមការពារធនធានធម្មជាតិ និងសត្វព្រៃ។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner