អ្នកដំណើរបានម្នាក់៣ម៉ឺនដុល្លារ ក្រឡាប់យន្តហោះកាណាដា
បរទេស ៖ ក្រុមហ៊ុន Delta ផ្តល់ប្រាក់ចំនួន ៣ម៉ឺនដុល្លារ ក្នុងម្នាក់ៗ ដល់អ្នកដំណើរជិះយន្តហោះ ក្រឡាប់ នៅអាកាសយានដ្ឋាន Toronto នៅក្នុងប្រទេសកាណាដា។
អ្នកនាំពាក្យ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta បានប្រាប់ AFP កាលពីថ្ងៃពុធថា នឹងផ្តល់ប្រាក់ចំនួន ៣០,០០០ ដុល្លារ ដល់អ្នកដំណើរម្នាក់ៗ នៅលើយន្តហោះ ដែលបានជួបបញ្ហា នៅពេលចុះចត ក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា «ការផ្តល់ជូនេះ មិនមានលក្ខខណ្ឌពិសេស ឬ ការដាក់កម្រិតទេ ហើយក៏មិនប៉ះពាល់ដល់សិទ្ធិអ្នកដំណើរដែរ»។
កាលពីថ្ងៃច័ន្ទ យន្តហោះ Bombardier CRJ-900 របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលបានចាកចេញពីទីក្រុង Minneapolis នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បានចុះចតខុសផ្លូវរត់ ហើយបានក្រឡាប់ផ្ងារជើង។ ប៉ុន្តែ គ្មាននរណាម្នាក់ ក្នុងចំណោមមនុស្សទាំង៨០នាក់ នៅលើយន្តហោះ បានស្លាប់ នោះទេ។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន របស់ប្រទេសកាណាដា បានបើកការស៊ើបអង្កេត លើហេតុការណ៍នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត