លោក Donald Trump ហៅខ្លួនឯងថា «ស្តេច»
បរទេស៖ លោក Trump បានប្រកាសខ្លួនឯងជា ស្តេច តាមរយៈការបង្ហោះ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ក្រោយពេលដែលលោកអះអាងថា បានប្រកាសលុបចោល គម្រោងយកថ្លៃផ្លូវកកស្ទះចរាចរណ៍ នៅទីក្រុងញ៉ូវយ៉ក នេះបើតាមការចេញផ្សាយរបស់ express នៅថ្ងៃព្រហស្បតិ៍នេះ។
លោកបានប្រកាសបែបនេះ ក្រោយពេលដែលរដ្ឋបាល Trump បានប្រកាសថា ខ្លួននឹងលុបចោលគម្រោងនេះ របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ដែលចង់មានយុត្តាធិការលើផ្លូវ នៅក្នុងទីក្រុងញូវយ៉ក ចំពេលមានការត្អូញត្អែរថា គម្រោងនេះ ដាក់បន្ទុកដល់ប្រជាជន ក្នុងវណ្ណៈកម្មករ។
លោកបានសរសេរថា «ការកំណត់តម្លៃកកស្ទះ គឺបញ្ចប់ហើយ..ទីក្រុង Manhattan និងទីក្រុង New York ត្រូវបានសង្គ្រោះវិញហើយ…»។
សេតវិមានក៏បានប្រកាសលើ X ផ្ទាល់ខ្លួន បន្ថែមលើសេចក្តីថ្លែងការណ៍របស់លោក Trump ដោយបន្តនិយាយឡើងវិញនូវពាក្យថា « LONG LIVE THE KING!»
ដោយបានបន្ថែមរូបភាព ដែលបង្កើតដោយ AI ប្រធានាធិបតីពាក់មកុដជាមួយ Manhattan នៅផ្ទៃខាងក្រោយ។
យ៉ាងណាមិញ លោកស្រី Kathy Hochul អភិបាលក្រុងញូវយ៉ក បានវាយបកទៅលើលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកបានប្រកាសខ្លួនឯងថាជា «ស្តេច»។ លោកស្រីបានរិះគន់ប្រធានាធិបតីអាមេរិក បន្ទាប់ពីសេតវិមានថ្មី បានបញ្ជាឱ្យបញ្ឈប់ផែន ការកំណត់តម្លៃកកស្ទះ របស់ទីក្រុងញូវយ៉ក ដោយនិយាយចម្អកវិញថា «ក្រុងញូវយ៉កមិនបានធ្វើការ នៅក្រោមស្តេច ក្នុងរយៈពេលជាង ២៥០ ឆ្នាំមកហើយ»៕
ប្រភពពី express ប្រែសម្រួល៖ សារ៉ាត