ការនាំចេញដូងវៀតណាមកើនលើស១ពាន់លានដុល្លារ ជាលើកដំបូង
បរទេស៖ ការនាំចេញដូង របស់វៀតណាម បានកើនឡើង លើសពី១ ពាន់លានដុល្លារ ជាលើកដំបូង កាលពីឆ្នាំមុន ដោយសារពិធីសារថ្មី ជាមួយប្រទេសចិន និងការខិតខំប្រឹងប្រែង របស់អ្នកនាំចេញ លើការពង្រីកទីផ្សារ របស់ពួកគេ។
បើតាមគេហទំព័រ VNexpress បានចេញផ្សាយ ដោយយោងតាមគយវៀតណាម បានឱ្យដឹងថា ការនាំចេញផលិតផលដូងទាំងអស់ បានកើនឡើង ២០% ដល់ជិត ១.១ ពាន់លានដុល្លារ។ ដូងស្រស់តែមួយមុខ បានកើនឡើង ៦១% ដល់ ៣៩០ លានដុល្លារ។
ប្រទេសវៀតណាមមានចម្ការដូង ២០ម៉ឺនហិកតា ដែលផលិតបាន២លានតោន ក្នុងមួយឆ្នាំ, មានក្រុមហ៊ុនផលិត និងកែច្នៃដូងជាង៦០០ក្រុមហ៊ុន ហើយ ជាប់ចំណាត់ថ្នាក់ទី ៥ លើពិភពលោក ក្នុងការនាំចេញដូង។
ប្រទេសចិនបានទិញដូងរបស់វៀតណាម ចំនួន ២៥% មួយផ្នែក ដោយសារតែពិធីសារស្តីពីដូងស្រស់ ដែលបានចុះហត្ថលេខា កាលពីខែសីហា ឆ្នាំមុន។ ឥឡូវនេះ វៀតណាមគឺជាអ្នកផ្គត់ផ្គង់ដូងធំជាងគេទីបី ទៅកាន់ប្រទេសចិន ជាមួយនឹងចំណែកទីផ្សារ ២០%។
ទីផ្សារនាំចេញធំៗផ្សេងទៀត រួមមាន អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់ទំនងជាមិនគ្រប់គ្រាន់ ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារកសិករ មានការស្ទាក់ស្ទើរ ក្នុងការពង្រីកកសិដ្ឋានរបស់ពួកគេ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Cao Ba Dang Khoa អគ្គលេខាធិការសមាគមដូងវៀតណាម បាននិយាយថា ការប្រកួតប្រជែង ជាមួយអ្នកនាំចេញផ្សេងទៀត ដូចជា ប្រទេសថៃ ឥណ្ឌា និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងការពង្រីករោងចក្រកែច្នៃ នៅក្នុងប្រទេសចិន ក៏បានបន្ថែមការលំបាក ដល់ក្រុមហ៊ុនវៀតណាមផងដែរ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត