វៀតណាមគ្រោងខ្ចីលុយចិនសង់ផ្លូវរថភ្លើងតម្លៃជាង ៨ ពាន់លានដុល្លារ
ហាណូយ ៖ សភាវៀតណាម នាថ្ងៃពុធនេះ បានអនុម័តគម្រោងសាងសង់ផ្លូវរថភ្លើងថ្មី មានតម្លៃជាង ៨ពាន់លានដុល្លារ ដោយរំពឹងថា សាងសង់រួចរាល់នៅឆ្នាំ ២០៣០ ដែលនឹងតភ្ជាប់ពីទីក្រុងកំពង់ផែយក្សវៀតណាម Hai Phong ឆ្ពោះទៅកាន់ទីក្រុងព្រំដែនជាប់ចិន Lao Cai។

គម្រោងផ្លូវដែកមានប្រវែងជាង ៣៩០គីឡូម៉ែត្រនេះ ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមសិក្សាពីលទ្ធភាពសាងសង់នៅឆ្នាំ ២០២៥នេះ ហើយបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ ខណៈដែលមន្រ្តីវៀតណាមបាននិយាយថា ខ្លួនមានគម្រោងខ្ចីប្រាក់ពីចិន ដើម្បីប្រើប្រាស់ក្នុងគម្រោងនេះ។

ការសាងសង់ផ្លូវរថភ្លើងនេះ មានគោលបំណងបំពេញតម្រូវការដឹកជញ្ជូនរវាងវៀតណាម និងចិន ដោយរំពឹងថា នឹងបម្រើជាកត្តាជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាពតាមច្រករបៀងសេដ្ឋកិច្ច Lao Cai-Hai Phong ជាពិសេសពង្រឹងវិស័យការពារជាតិ សន្តិសុខ លើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបកម្ម។

វាគឺជាគម្រោងផ្លូវរថភ្លើងមួយ ក្នុងចំណោម ២ ដែលតភ្ជាប់ទៅចិន ដែលវៀតណាមចាត់ទុកថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «ច្រករបៀង២ ខ្សែក្រវ៉ាត់១» របស់ខ្លួន ដែលតភ្ជាប់គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។
គម្រោងថ្មីនេះទៀតសោត ត្រូវបានអនុម័តឡើង ៣ខែក្រោយសភាវៀតណាមអនុម័តសេចក្ដីសម្រេចចិត្តលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ មានប្រវែង ១,៥៤១គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងហាណូយ ទៅទីក្រុងហូជីមិញ ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០៣៥៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
