ចិនឆក់ឱកាសពង្រឹងទំនុកចិត្តដៃគូនៅអាមេរិកឡាទីន នៅពេល Trump បង្កើនការគាបសង្កត់
ប៉េកាំង ៖ ចិនកំពុងសម្លឹងឃើញឱកាសល្អ នៅក្នុងការកសាងទំនុកចិត្តរបស់ប្រទេសដៃគូនៅតំបន់អាមេរិកឡាទីន ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញថា បានបង្កើនសម្ពាធនៅក្នុងតំបន់នេះ ដើម្បីជំរុញផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

តួយ៉ាង ភ្លាមៗក្រោយស្បថចូលកាន់តំណែង លោក ត្រាំ បានរករឿងប៉ាណាម៉ា ជុំវិញទំនាក់ទំនងរវាងប៉ាណាម៉ាជាមួយចិន ដោយគំរាមឱ្យបញ្ចប់ឥទ្ធិពលរបស់ទីក្រុងប៉េកាំង លើព្រែកជីកប៉ាណាម៉ា បើមិនចង់ប្រឈមមុខនឹងចំណាត់ការរបស់អាមេរិកទេ។

បន្ទាប់បីរងសម្ពាធ មេដឹកនាំប៉ាណាម៉ាបានប្រកាសដកខ្លួនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈដែលចិន និងអាមេរិក ត្រូវគេមើលឃើញថា នឹងប្រកួតប្រជែងឥទ្ធិពលគ្នានៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ក្នុងអាណត្តិទី២នេះរបស់លោក ត្រាំ។
យ៉ាងណា ប្រមុខការទូតចិន លោក Wang Yi បានឆក់យកឱកាសជួបជារដ្ឋមន្រ្តីការបរទេសបូលេវី នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ អះអាងថា អាមេរិកឡាទីន គឺជាផ្ទះរបស់ប្រជាជនអាមេរិកឡាទីន ហើយមិនមែនជាសួនច្បារក្រោយផ្ទះរបស់ប្រទេសណាមួយឡើយ។
ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក Wang បានសង្កត់ធ្ងន់ថា ប្រទេសជាច្រើនក្នុងតំបន់អាមេរិកឡាទីន មានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយចិន តាមរយៈការខ្ចីថវិកា និងការវិនិយោគ ដោយលោកថែមទាំងបានអះអាងទៀតថា ចិននឹងនៅតែបន្តធ្វើជាដៃគូ និងជាមិត្តដ៏គួរឱ្យជឿទុកចិត្តជាប់ជានិច្ចរបស់តំបន់អាមេរិកឡាទីន៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា
