យន្តហោះ ២ គ្រឿងទៀតបុកគ្នាលើមេឃអាមេរិក ស្លាប់មនុស្ស ២ នាក់

វ៉ាស៊ីនតោន ៖ ប៉ូលិសបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះខ្នាតតូចចំនួនពីរគ្រឿង បានហោះបុកគ្នាលើអាកាសស្ថិតនៅក្បែរព្រលានយន្តហោះនៃរដ្ឋអារីហ្សូណា។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ហៅកាត់ (FAA) បានបញ្ជាក់ថា សោកនាដកម្មនេះកើតឡើងនៅពេលយន្តហោះស៊ីវិលមួយគ្រឿងធុន Cessna 172S បានហោះទៅបុកយន្តហោះមួយគ្រឿងទៀតធុន Lancair 360 MK នៅក្បែរព្រលានយន្តហោះ Marana ស្ថិតនៅជាយក្រុង Tucson នាវេលាម៉ោង ៨និង២៥នាទីព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

ក្រុមអ្នកស៊ើបអង្កេតសុវត្ថិភាពដែនអាកាសសហព័ន្ធ បានឱ្យដឹងទៀតថា យន្តហោះទាំងពីរជាប្រភេទយន្តហោះម៉ាស៊ីនមួយ មានផ្ទុកមនុស្ស២នាក់ដូចគ្នា ហើយនៅពេលកើតហេតុ អ្នកជិះក្នុងយន្តហោះ Cessna មិនមានគ្រោះថ្នាក់ ទេ ប៉ុន្តែយន្តហោះ Lancair បានធ្លាក់ផ្ទុះឆេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់។

ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលនាំឲ្យយន្តហោះទាំងពីរបុកគ្នាលើអាកាសទេ ខណៈដែលក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេត។

នេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់ ដែលញាំញីវិស័យអាកាសចរណ៍អាមេរិកក្នុងឆ្នាំ២០២៥ ហើយវាបានកើតឡើងចំពេលដែលវិស័យអាកាសចរណ៍អាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវរកមូលនិធិសង្គ្រោះបន្ទាន់ពីសភា ដើម្បីទ្រទ្រង់បច្ចេកវិទ្យាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងបុគ្គលិក។

សូមរម្លឹកថា បើកឆាកដើមឆ្នាំថ្មីភ្លាម អាមេរិកជួបគ្រោះថ្នាក់ដំបូង ដោយយន្តហោះដឹកអ្នកដំណើរ CRJ700 និងឧទ្ធម្ភាគចក្រកងទ័ព បុកគ្នានៅភាគខាងត្បូងទីក្រុងវ៉ាស៊ីនតោន រួចក៏ធ្លាក់ចូលទន្លេ សម្លាប់មនុស្ស ៦៧នាក់៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner