កិត្តិយសធំ វត្តស្រះរាំង ស្រុកមង្គលបូរី ទទួលបានជ័យលាភីបរិស្ថានល្អ អារាមស្អាតបៃតងថ្នាក់ជាតិ
បន្ទាយមានជ័យ៖ មន្ត្រីសង្ឃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ពុទ្ធបរិស័ទ និងសិស្សានុសិស្សកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ បាននិមន្តនិងអញ្ជើញចូលរួមអបអរសាទរវត្តស្រះរង្សី ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទទួលជ័យលាភី បរិស្ថានល្អ អារាមស្អាតបៃតង កម្រិតថ្នាក់ជាតិ។

ព្រះតេជគុណ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកមង្គលបូរី ព្រះចៅអធិការវត្ត សាលរង្សីយារាម ហៅវត្តស្រះរាំង មានសង្ឃដីកាពីការកសាងបាននូវសមិទ្ធផលនានាក្នុងវិស័យពុទ្ធសាសានា ក្នុងនោះមានការ រៀបចំសួន ដាំស្មៅ ដាំដើមឈើ សម្អាតសម្រាមប្រកបអនាម័យបរិស្ថានជាប្រចាំ ។ដោយឈរលើស្មារតីក្នុងការចូលរួមចំណែកការពារបរិស្ថានទើប វត្ត ស្រះរាំង ទទួលបានជ័យលាភីផ្នែកបរិស្ថានល្អ អារាមស្អាតបៃតងថ្នាក់ជាតិ អារាមមេត្រីបរិស្ថានពីក្រសួងបរិស្ថានក្រោយពីបានធ្វើការវាយតម្លៃ យ៉ាងត្រឹមត្រូវរួចមក ។

តេជគុណ ប៉ែន សាវុធ មានសង្ឃដីកាទៀតថា ជ័យ លាភីនេះបានមកពីការចូលរួមរបស់អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទជាមួយការដឹកនាំពីព្រះតេជគុណ លើការងារអនាម័យបរិស្ថាន នៅបរិវេណវត្តអារាម ដោយអនុវត្តនូវអភិក្រម “ស៣” សម្រាប់វត្តអារាមរបស់ក្រសួងធម្មការ និងសាសនារួមមាន៖ ស១.វត្តស្អាត បរិស្ថាន អនាម័យល្អ សំណង់មានរបៀបរយជារមណីយដ្ឋាន សាសនាផ្ដល់ភាពទាក់ទាញនិងផាសុកភាពពសម្រាប់ពុទ្ធបរិស័ទ។ស២. វត្តស្វាង ដែលជាកន្លែងផ្តល់នូវចំណេះដឹង តាមរយៈការអប់រំ និងជាកន្លែងដុសខាត់ ចិត្តនិស្ស័យបណ្តុះស្មារតីឱ្យស្គាល់គុណធម៌ សីលធម៌ គឺចូលមកងងឹតទៅ វិញភ្លឺស្វាង និង ស៣. វត្តស្ងប់ ជាកន្លែងគ្មានអធិករណ៍ ក៏ដូចសុជីវធម៌គ្មានជម្លោះ ក្នុងវត្ត ជាកន្លែងធ្វើសមាធិកម្មដ្ឋាន ហ្វឹក ហាត់អប់រំចិត្តបន្ទោបង់នូវកិលេសធ្វើឱ្យចិត្តស្ងប់ស្ងាត់ប្រាស់ចាកពន្ធកិច្ចផ្សេងៗ ឬគ្រឿងជាប់ជំពាក់នានា ។

អញ្ជើញចូលរួមក្នុងឱកាសនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា គ្រប់វត្តអារាមត្រូវមានសុខសន្តិភាព ទើបមានការអភិវឌ្ឍទៅបាន។ ក្នុងនោះអនុវត្តឱ្យបានសសរស្តម្ភបី គឺ “ភាពស្អាត ភាពបៃតង ចីរភាពកម្ពុជាស្អាតខ្មែរធ្វើបាន” ។ដើម្បីសន្តិភាពចាំបាច់វត្តនីមួយៗ ត្រូវមានភាពស្មោះត្រង់ និងទុកចិត្តគ្នាមានសាមគ្គីភាពនិងគណនេយ្យភាព។

ចំណែកលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានថ្លែងថានេះជាមោទនភាពដែលវត្តស្រះរាំងខេត្តបន្ទាយមានជ័យទទួលបានទទួលជ័យលាភី បរិស្ថានល្អ អារាមស្អាតបៃតងថ្នាក់ជាតិ ក្នុងចំណោមវត្ត៥ ១៤៦វត្តទូទាំងប្រទេស និង២៥៧វត្តក្នុងខេត្តបន្ទាយមានជ័យ ។វត្តស្រះរាំងទទួលបានបណ្ណជ័យលាភីមេត្រីបរិស្ថានកម្រិតល្អ អារាមស្អាត អារាមបៃតងថ្នាក់ជាតិឆ្នាំ ២០២៤ចំនួនមួយនិងបណ្ណសសើរមេត្រីបរិស្ថានផ្នែកនីតិបុគ្គល ២០២២ រួមជាមួយបណ្ណសសើរមេត្រីបរិស្ថានផ្នែករូបវន្តបុគ្គលផ្ទាល់ប្រគេនដោយតេជគណគ្រូព្រះធម្មធរអនុគណស្រុកមង្គលបូរី និងជាចៅអធិការវត្តស្រះរាំង ៕
ដោយ៖គៀន ច័ន្ទហ៊ីន
