ប្រធានសហព័ន្ធកីឡាវាយសីចាត់ទុក ពានក្រុមហ៊ុន យូនីក ជាការជំរុញដល់ដំណើរការអភិវឌ្ឍធនធាន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការរៀបចំការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកដណ្តើមពានរង្វាន់ក្រុមហ៊ុន យូនីក នៅប្រទេសកម្ពុជា នាខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណងជំរុញដល់ដំណើរការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមអគ្គលេខាធិការ កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថា ដើម្បីឱ្យដំណើរការការប្រកួតឱ្យប្រព្រឹត្តទៅឱ្យបានត្រឹមត្រូវ សហព័ន្ធបានកំណត់សិទ្ធិចូលរួមរបស់កីឡាករ កីឡាការិនី និងវិញ្ញាសាប្រកួត ដូចជា៖ កីឡាករ ឬកីឡាការិនីម្នាក់មានសិទ្ធិចូលរួមប្រកួតអាច្រើន ត្រឹម ២វិញ្ញាសាប៉ុណ្ណោះ។ កីឡាករ កីឡាការិនី ដែលមានជំនាញបច្ចេកទេសកម្រិតអាជីព ឬលើមធ្យម ត្រូវឱ្យចូលលេង ក្នុងកម្រិត A ខណៈកីឡាករ កីឡាការិនី ដែលមានកម្រិតបច្ចេកទេសកម្រិតក្លឹប ឬ មធ្យម អនុញ្ញាឱ្យចូលលេងក្នុងក្រុម B។ រីឯ អត្តពលិកជម្រើសជាតិបច្ចុប្បន្ន ឬអតីតជម្រើសជាតិមិនអាចវាយគូជាមួយគ្នាបានទេ។
អត្តពលិក ដែលមានចេតនាបន្លំអត្តសញ្ញា ឬឯកសារផ្សេងៗ បើគណៈកម្មការរៀបចំពិនិត្យឃើញនឹងត្រូវបញ្ឈប់ការប្រកួតរបស់អត្តពលិករូបនោះ ទោះប្រកួតឈ្នះ ឬចាញ់ ក្នុងជុំទីប៉ុន្មានក៏ដោយ។

ឯកឧត្តម កែវ រស់ បានបញ្ជាក់អំពីវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន៦ រួមមាន៖ វាយគូបុរស កម្រិត A, វាយគូកម្រិត B, វាយគូបុរស អាយុ៤០ឆ្នាំឡើង, វាយឯកត្តជនកុមារា ក្រោម១២ឆ្នាំ, វាយឯកត្តជនកុមារី ក្រោម១២ឆ្នាំ, វាយឯកត្តជន ក្រោម១៥ឆ្នាំ។ ចំពោះ៣វិញ្ញាសាវាយឯកត្តជនកុមារា កុមារី ក្រោម១២ឆ្នាំ និងវាយឯកត្តជនកុមារា ក្រោម១៥ឆ្នាំត្រូវបានកំណត់ចំនួនច្រើនបំផុត ត្រឹម១៦នាក់ ក្នុង១វិញ្ញាសា ហើយមិនតម្រូវឱ្យបង់ថវិកាប្រកួតនោះទេ។ ចំពោះការដាក់ពាក្យចូលរួមប្រកួត តម្រូវឱ្យបង់ថវិកា ចំនួន ៤០ដុល្លារ ក្នុងម្នាក់ៗ សម្រាប់១វិញ្ញាសា។ ការទទួលពាក្យចូលរួមប្រកួទនឹងត្រូវបិទបញ្ជីត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ចំពោះចំណាត់ថ្នាក់ និងប្រាក់រង្វាន់ជ័យលាភី រួមមាន៖ វាយគូបុរស កម្រិត A និងកម្រិត B និង៤០ឆ្នាំឡើង មានប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់លេខ១ ៥៥០ដុល្លារ និងរ៉ាកែត ២ដើម, លេខ២ ២០០ដុល្លារ និងរ៉ាកែត ២ដើម, លេខ៣ ប្រាក់រង្វាន់ ១០០ដុល្លារ។ ចំពោះកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតលើវិញ្ញាសាផ្សេងៗ ដែលប្រកួតចាញ់ ក៏ទទួលបានសម្ភារកីឡា និងសម្លៀកបំពាក់ យូនីក តាមការកំណត់របស់គណៈកម្មការផងដែរ។

ដោយឡែក បើតាមប្រសាសន៍របស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រកួតថ្មីមួយទៀតនៃផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីវាយសី និងបំផុសចលនាកីឡាវាយសីនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម លី កុសល គូសបញ្ជាក់ទៀតថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រភេទកីឡាវាយសី នេះមានគោលបំណងលើកកម្ពស់ការរីកចម្រើន និងការអភិវឌ្ឍកីឡាវាយសីនៅកម្ពុជា ដោយផ្តល់នូវវេទិកាប្រកួតប្រជែងគ្នា សម្រាប់អ្នកលេងគ្រប់វ័យ និងកម្រិតជំនាញជាពិសេសជំរុញ បំផុសស្មារតីដល់កុមារា កុមារី ជាថ្នាលបន្តវេននៅថ្ងៃខាងមុខ៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner