បំផ្លាញចោលផលិតផលសត្វ និងជលផលខុសច្បាប់ជាងមួយតោននៅខេត្តកំពង់ធំ
កំពង់ធំ៖ ផលិតផលសត្វ និងជលផលខុសច្បាប់ដែលបណ្តាញនាំចូលខុសច្បាប់ ដើម្បីចែកចាយនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញទម្ងន់ជាងមួយតោនត្រូវបានដុតបំផ្លាញចោលនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីទទួលការអនុញ្ញាតពីព្រះរាជអាជ្ញាអមតុលាការសាលាដំបូងខេត្ត។ការបំផ្លាញផលិតផលទាំងអស់តាមច្បាប់ដើម្បីការពារសុវត្ថិភាពចំណីអាហារ និងសុខភាពសាធារណៈ។
ផលិតផលទាំងនេះមានជង្គង់មាន់បង្កកចំនួន ១០ កេស ស្មើនឹង៦០០ គីឡូក្រាម,ត្រីសាម៉ុនចំនួន ១៤ កេស ស្មើនឹង៣០៨ គីឡូក្រាម,សត្វចង្រឹត និងសត្វឌុកដឿចំនួន ៣ កេស ស្មើនឹង១៥០ គីឡូក្រាម។
ផលិតផលទាំងនេះត្រូវបានរកឃើញក្នុងការបង្រ្កាបដែលដឹកនាំលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត មន្ត្រីជំនាញបសុពេទ្យ និងក្រុមការងារចុះអនុវត្តបិទបង្ក្រាបបទល្មើសនាំចូលផលិតផលសត្វ និងជលផលខុសច្បាប់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅតាមផ្លូវជាតិលេខ ៦ នៅរង្វង់មូលលោកតាអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
ដោយ៖ប៊ុនរដ្ឋា


