ពលករខ្មែរទើបជាប់ទៅធ្វើការនៅប្រទេសកូរ៉េសំដែងការព្រួយបារម្ភថា ការបំផុសបំផុលធ្វើបាតុកម្មពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជារឿយៗ អាចនឹងប៉ះពាល់ដល់ការងាររបស់ខ្លួន
(ភ្នំពេញ)៖ ពលករខ្មែរដែលត្រៀមចេញដំណើរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានសំដែងការព្រួយបារម្ភថាអាចនឹងមានការប៉ះពាល់លើការងាររបស់ខ្លួន បើសិនជាមានបាតុកម្មដែលរៀបចំពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងជារឿយៗ នៅក្នុងប្រទេសទទួលយកពលករកម្ពុជាទៅធ្វើការ។ ទន្ទឹមនឹងនេះពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរ និងពលករខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។
លោកស្រី គួន សូលីដា ជាពលករខ្មែរដែលត្រៀមហោះហើរទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានសំដែងការព្រួយបារម្ភលើការងាររបស់ខ្លួននៅពេលដែលតែងតែទទួលដំណឹងពីការបង្កឱ្យមានការធ្វើបាតុកម្មនៅលើទឹកដីទី២ ពីសំណាក់ក្រុមអ្នកនយោបាយ ជាក់ស្តែងនៅសាធារណរដ្ឋកូរ៉េ។ វាអាចនឹងជះឥទ្ធិពលលើការងារ ពីព្រោះកាលណាយើងជាជនបរទេសហើយតែងតែបង្កឱ្យមានចលាចលនៅក្នុងសង្គមរបស់គេ នោះចង់ឬមិនចង់ថៅកែក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងពលករខ្មែរនឹងមានការឈឺក្បាល និងទទួលរងផលប៉ះពាល់ដល់ផលិតភាពការងាររបស់គេ។
ពលករខ្មែររូបនេះបន្ថែមថា សម្រាប់ការបំផុសឱ្យមានការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុតនេះផងដែរ គឺជាការព្រួយបារម្ភថ្មីមួយទៀត។ សម្រាប់លោកស្រីពុំចង់ឃើញការចលាចលណាមួយដែលធ្វើឡើងពីសំណាក់បងប្អូនពលករខ្មែរ ក្រោមរូបភាពចាញ់កលល្បិចពីសំណាក់អ្នកនយោបាយនៅក្រៅប្រទេសនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់ការងាររបស់បងប្អូនពលករ និងបង្ហាញរូបភាពមិនល្អទាល់តែសោះលើទឹកដីបរទេស ដែលជាប្រទេសទី២។
ដោយឡែក លោក ហុន សុភាព ជាពលករខ្មែរដែលត្រៀមហោះហើរទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀតមើលឃើញថា ការញុះញង់ធ្វើបាតុកម្មជាច្រើនលើកច្រើនសារពិតណាស់បានជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះពលករខ្មែរ។ ពលករខ្មែររូបនេះថា វាបានជះឥទ្ធិពលទី១ លើពលករដែលកំពុងធ្វើការនៅប្រទេសកូរ៉េស្រាប់ និងទី២ ប៉ះពាល់ដល់បងប្អូនពលរដ្ឋខ្មែរជំនាន់ក្រោយដែលចង់ទៅធ្វើការនៅបរទេស វាអាចត្រូវបានរដ្ឋាភិបាលបរទេសកាត់ផ្តាច់ការទទួលពលករខ្មែរជាដើម។
ពាក់ព័ន្ធនឹងបញ្ហាកោះគុត ក្នុងនាមជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េ សូមអំពាវនាវឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់រក្សាភាពស្ងៀមស្ងាត់ ជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយដោយសន្តិវិធីជាមួយភាគីថៃ។ រាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រន់ក្នុងការដោះស្រាយ ដោយឡែកការធ្វើបាតុកម្មក្រោមការបំផុសបំផុលពីសំណាក់ក្រុមប្រឆាំង មិនត្រឹមតែមិនបានការនោះទេ តែថែមទាំងបង្កឱ្យមានជម្លោះការទូតរវាងប្រទេសជាមិត្តផងដែរ។
ទន្ទឹមនឹងនេះ បងប្អូនពលករខ្មែរដែលទើបតែប្រឡងជាប់ ត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េនៅពេលនេះ អំពាវនាវឱ្យបងប្អូនខ្មែរនៅប្រទេសកូរ៉េខិតខំធ្វើការ សន្សំថវិកា ដើម្បីផ្គត់ផ្គង់គ្រួសារ ដែលបានខិតខំពុះពារដើម្បីមានលទ្ធភាពក្នុងការបញ្ជូនបងប្អូនទៅធ្វើការនៅបរទេស។ ដូច្នេះហើយទំនួលខុសត្រូវដ៏ធំបំផុតនោះគឺការផ្គត់ផ្គង់គ្រួសារ មិនមែនចូលរួមសកម្មភាពបង្កចលាចលនៅលើប្រទេសទាំង២នោះទេ៕
ដោយ ៖ ង៉ាន់ ទិត្យ
