អាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធជួយសង្គ្រោះ ជនរង គ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ
(ភ្នំពេញ)៖ អាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លំហាត់សមយុទ្ធនេះ មានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះក៏មានការចល័តរថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដីសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៍ដែនអាកាស CATS ។
លំហាត់សមយុទ្ធនេះ រៀបចំឡើងដើម្បីជាបទពិសោធន៍ និងចំណេះដឹងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធនានា លើការងារជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះដែលអាចកើតមានជាយថាហេតុ។
ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX-23) ប្រចាំឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយយោងទៅតាមច្បាប់ ស្តីពី អាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emergency Plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full ScaleAirport_Emergency Exercise) រៀងរាល់ពីរឆ្នាំម្ដង ដើម្បីធានាបាននូវពេលវេលាឆ្លើយតបការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ







