សិស្សមានជីវភាពខ្វះខាត នៃវិទ្យាល័យតាអី ទទួលអំណោយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិនសហគមន៍កម្ពុជា
សៀមរាប៖អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន សហគមន៍ កម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈបាននាំយកកុំព្យូទ័រចំនួន១៥គ្រឿង កង់១០០ គ្រឿង ,សម្ភារសិក្សា៥០០កញ្ចប់ និងសម្លៀកបំពាក់ ចែកជូនដល់សិស្សា នុសិស្សដែលមានជីវភាពលំបាកកំពុងសិក្សានៅក្នុងវិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ហាក់ គឹមឈឺន នាយកវិទ្យាល័យ តាអី បានឱ្យដឹងថា នេះជា លើកទី២ហើយ ដែលអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ ផ្តល់អំណោយ ជាសម្ភារៈសិក្សាជូនដល់សាលា រួមជាមួយនឹងការសាងសង់បង្គន់អនាម័យ ៤បន្ទប់ ដល់សាលា ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាជាច្រើនទៀត។
លោក នៅសំ រដ្ឋា អភិបាលរងស្រុកប្រាសាទបាគង បានថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលតែងបានជួយដល់សិស្សមានការលំបាកនៅតាមតំបន់ជនបទក្នុងនេះមានស្រុកប្រាសាទបាគង។
លោក ស្រី លីឌា ប្រធានឡូតារីក្លឹប សិនតូសា និងលោកស្រី ឃូរីន អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពួរ និង លោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិនសហគមន៍ប្រចាំនៅកម្ពុជា បានសម្តែងនូវភាព ត្រេកអរដែលបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ ប្រកបដោយភាពរាក់ទាក់សុភាពរាបសារ ដែលធ្វើឱ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សវិទ្យាល័យតាអី កម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ៕
លោកស្រីទាំងបីបានអះអាងថា អង្គការនឹងនៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការធ្វើទៅបានបន្ថែមទៀត៕
ដោយ៖ប៊ុន រដ្ឋា




