មន្ទីរពេទ្យម៉ាឡេស៊ី និងកម្ពុជាចំនួន២ សហការគ្នាពង្រឹងកិច្ចសហការព្យាបាល និងថែទាំសុខភាពដល់ប្រជាជនកម្ពុជា ដល់សហគមន៍

ភ្នំពេញ ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ ទីក្រុងសាន់វ៉េ ដែលមកពីប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមន្ទីរពេទ្យកម្ពុជាចំនួនពីរ គឺមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស(SSMC) ក្នុងភាពជាដៃគូក្នុងគោលបំណងដើម្បីពង្រឹងទៅលើកិច្ចសហការក្នុងការព្យាបាលថែទាំសុខភាពដល់ប្រជាជនកម្ពុជា ដល់សហគមន៍ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ ។

តាមរយៈកិច្ចព្រមព្រៀងនេះ អ្នកជំងឺដែលទទួលបានការពិគ្រោះ និងរោគវិនិច្ឆ័យដំបូងនៅមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) នឹងទទួលបានឱកាសការពិគ្រោះមតិទីពីរ និងការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ដ៏ល្បីល្បាញរបស់ Sunway Healthcare Group នៅទីក្រុង សាន់វ៉េ ប្រទេសម៉ាឡេស៊ី។ ក្នុងភាពជាដៃគូនេះក៏ធានាផងដែរថា បន្ទាប់ពីការព្យាបាល អ្នកជំងឺដែលត្រឡប់មកកម្ពុជាវិញនឹងទទួលបានការថែទាំតាមដានយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC)។

លើសពីនេះទៅទៀត កិច្ចសហការនេះក្រុមគ្រូពេទ្យឯកទេសរបស់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏ចែករំលែកបទពិសោធន៍ ទៅក្រុមគ្រូពេទ្យមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងមន្ទីរពហុព្យាបាលស៊ីង-ស្ពេសឹលីស(SSMC) ដែលនាំមកនូវការពិគ្រោះយោបល់ ដែលពោរពេញទៅដោយជំនាញ និងឯកទេស ផ្ទាល់ទៅដល់ប្រជាជនកម្ពុជា ។
 
លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃមន្ទីរពេទ្យ និងប្រតិបត្តិការថែទាំសុខភាព Sunway Healthcare Group បានសម្តែងនូវមោទនភាពក្នុងការក្លាយជាដៃគូថែទាំសុខភាពដ៏គួរឱ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា និងការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធផ្នែកសុខភាពទាំងអស់ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងផ្តល់ជាមួយនឹងបទពិសោធន៍នៃការព្យាបាលប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបានជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ “។

លោកវេជ្ជបណ្ឌិត Khoo ក៏បានកត់សម្គាល់ថា តាមរយៈប្រព័ន្ធសារពត៌មាន Newsweek មន្ទីរពេទ្យសាន់វ៉េ បានទទួលចំណាត់ថ្នាក់នៅក្នុងចំណោមមន្ទីរពេទ្យកំពូលចំនួន ២៥០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ និងជាប់ចំណាត់ថ្នាក់ផ្នែកឯកទេសពេទ្យកុមារ (កំពូលនៅប្រទេសម៉ាឡេស៊ី) ក៏ដូចជាចំណាត់ថ្នាក់ជាមន្ទីរពេទ្យឯកទេសល្អបំផុតប្រចាំអាស៊ីប៉ាស៊ីហ្វិក ២០២៤ ក្នុងប្រព័ន្ធសារពត៌មានNewsweek ផ្នែកវះកាត់ប្តូរជង្គង់ និងត្រគាក ក៏ដូចជាផ្នែកវះកាត់ភ្នែកឡើងបាយ និងភ្នែកឆ្លុះក្នុង និងជាចំណាត់ថ្នាក់មន្ទីរពេទ្យឯកជនកំពូលរបស់អាស៊ី ក្នុងឆ្នាំ ២០២៥ បន្តបន្ទាប់គ្នា។

សូមបញ្ជាក់ថា ៖ ចាប់តាំងពីការបង្កើតឡើងរយៈពេល ២៥ ឆ្នាំកន្លងមក ដើម្បីបំពេញតម្រូវការថែទាំសុខភាពដែលកំពុងរីកចម្រើនរបស់សហគមន៍ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ បានពង្រឹងភាពរីកចម្រើនរបស់ខ្លួន និងក្លាយទៅជាមន្ទីរពេទ្យឯកជនដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងគ្រែដែលមានអាជ្ញាប័ណ្ណចំនួន ៨១០ មជ្ឈមណ្ឌល (Centres of Excellence )ចំនួន ២៨ និងឯកទេសវេជ្ជសាស្ត្រជាង ៦០។លើសពីនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វ៉េ ក៏បានក្លាយជាមន្ទីរពេទ្យឯកជនដំបូងគេក្នុងប្រទេសដែលមានការទទួលស្គាល់ទូទាំងមន្ទីរពេទ្យធំៗចំនួនបី គឺពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) Gold Seal of Approval (USA) ក្រុមប្រឹក្សាប្រទេសអូស្ត្រាលីដែលស្តីពីស្តង់ដារថែទាំសុខភាព the Australian Council on Healthcare Standards (ACHS) និងសង្គមម៉ាឡេស៊ីដើម្បីគុណភាពសុខភាព the Malaysian Society for Quality in Health (MSQH) ផងដែរ ៕ ដោយ​ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner