សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ចុះបិទសិប្បកម្មចម្រាញ់ប្រេងខ្មៅមួយកន្លែង
កំពង់ឆ្នាំង ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីនៃមន្ទីរឧស្សាហកម្មខេត្ត, កម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ,ប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីចាប ចាន់ថា ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ បានចុះដល់ទីតាំងសិប្បកម្មមួយកន្លែង កំពុងចម្រាញ់ប្រេងខ្មៅ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការក្រុមការងារចម្រុះបានដកហូតវត្ថុតាងជាច្រើន ដោយរក្សាទុកនៅទីតាំងសិប្បកម្មរួមមាន ៖ ឡដុតចម្រាញ់ប្រេងខ្មៅ ចំនួនមួយចំណុះ ៣០.០០០ លីត្រ,អាងទឹកចំនួនមួយ, ស៊ីទែន ចម្រាញ់ប្រេងលើកទី ១ ចំនួនបីគ្រឿង,ស៊ីទែន ផ្ទុកចំហេះ ចំនួនពីរគ្រឿង,ម៉ូទ័រ បូមប្រេង ចំនួនពីរគ្រឿង,ស៊ីទែនផ្ទុកប្រេងចម្រាញ់ លើកទី២ ចំនួនបួនគ្រឿង,ស៊ីទែន ចម្រោះប្រេង ចំនួនពីរគ្រឿង,ស៊ីទែនផ្ទុកប្រេងក្រោមដីចំនួនមួយគ្រឿង,ស៊ីទែនផ្ទុកប្រេងដំណាក់កាលទី៣ ចំនួន ពីរគ្រឿង,ស៊ីទែន សម្រាប់ចម្រោះប្រេងចុងក្រោយ ចំនួនបីគ្រឿង,ស៊ីទែនផ្ទុកប្រេងសម្រេចចំនួន មួយគ្រឿង,អាស៊ីតស៊ុលផូរិច ចំនួន ១៥៤ ធុង(១ ធុងស្មើ ៣០ លីត្រ),ម៉្សៅសូដា (SODA) ចំនួន ៣៦ បេ (១បេទម្ងន់២៥គីឡូក្រាម),ម៉្សៅ selica Gel ចំនួន ៧០ បេ (១បេ ទម្ងន់២០ គីឡូក្រាម),ធុងសម្រាប់ដាក់កាកសំណល់ប្រេងចំនួនប្រាំពីរធុង (១ធុងចំណុះ១០០០លីត្រ) និងធុងសម្រាប់ទម្លាក់កាកសំណល់ ចំនួនមួយធុង ។
តាមការបញ្ជាក់ពីលោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំងបានសម្រេចឱ្យក្រុមការងារបិទទីតាំងខាងលើជាបណ្ដោះអាសន្ន រង់ចាំចំណាត់ការរបស់តុលាការបន្តទៀត៕
ដោយ៖សុខ គឹមសៀន







