ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទទួលបាន អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាព កម្ពស់ ៧ជាន់
(ភ្នំពេញ)៖ អគារអន្តេវាសិកដ្ឋាន «សម្តេចតេជោសន្តិភាព» កម្ពស់ ៧ជាន់ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដា្ឋន សាងសង់នាព្រឹកថ្ងៃទី២១កុម្ភៈ២០២៥នេះ ។
ពិធីនេះរៀបចំឡើង ក្រោមអធិបតី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការយាងចូលរួមពី សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផងដែរ ។
មន្ត្រីទទួលបន្ទុកសាងសង់ ឱ្យដឹងថា គម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
គម្រោងសាងសង់អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាពនេះ មានកំពស់ ៧ជាន់ មានបណ្តោយប្រវែង ៣៧ម៉ែត្រនិងទទឹង៩ម៉ែត្រ ស្មើនឹង ៤២បន្ទប់ ដោយប្រើប្រាស់ពេលវេលានៃការសាងសង់ចំនួន ១២ខែទើបបញ្ចប់ ៕







ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ