លោកជំទាវ បណ្ឌិត កុយ ពិសី ៖ ជើងឯកថ្នាក់ជាតិកីឡារាំឆ្នាំ២០២៤ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ តិចនិចបច្ចេកទេស និងទេពកោសល្យ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកការប្រកួតកីឡារាំជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដែលរៀបចំក្នុងឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២១ ខែ កុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការណ៍កម្ពុជាជប៉ុន លោក ជំទាវ បណ្ឌិត កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មការស្រ្តីនិងកីឡា បានថ្លែងថា ការប្រកួតនាពេលនេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ តិចនិចបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការហ្វឹកហាត់ អស់រយៈ ពេលជា ច្រើនឆ្នាំ កន្លងមក មកបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការប្រកួតនាពេលនេះ។
លោក ជំទាវ បណ្ឌិត បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡារាំកម្ពុជា ព្រមទាំងដៃគូសហការឧបត្ថម្ភ ក្នុងនោះមាន ក្រុមហ៊ុនវេសឡាញន៍គ្រុប ធនាគារអេស៊ីលីដា ក្រុមហ៊ុនមេនូឡាយហ្វឹខេមបូឌា និងសប្បុរសជន សិល្បៈករ សិល្បការិនី ដែលបានជួយគាំទ្រលើកទឹកចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងប្រកប ដោយបរិយាកាសរីករាយ ស្និទ្ធស្នាលយ៉ាងកក់ក្តៅ ក្នុងគោលបំណង លើកកម្ពស់ ការអប់រំសុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងជាពិសេសដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស តិចនិច ដល់កីឡាករ-កីឡាការិនី ទាំងអស់ ដើម្បីចម្រាញ់បានធនធានកីឡាករ-កីឡាការិនីល្អៗ ដែលមានសក្តានុពល ត្រៀម ចូលរួមប្រកួតកីឡារាំអន្តរជាតិនានានៅពេលខាងមុខនេះ។
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារ អគ្គលេខាធិការរដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរំលេចថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយទទួលនូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន យុវនារី ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ក្នុងនោះក៏មានវិស័យកីឡារាំផងដែរ ដែលបានបង្ហាញទង់ជាតិខ្មែរលើឆាកអន្តរជាតិ ដែលកីឡាករ កីឡាការិនី បានចូលរួមប្រកួតស្មើរមុខស្មើរមាត់ ទាំងនៅក្នុងតំបន់ អាស៊ី និងនៅលើពិភពលោក ដោយបានឈ្នះមេដាយជាច្រើនគ្រឿងជូនជាតិមាតុភូមិ ផងដែរ។ ក៏ព្រោះថា បច្ចុប្បន្នព្រះរាជាណាចក្រ កម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានចាត់ ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយាន្តក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គម”។
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានសហព័ន្ធ កីឡារាំកម្ពុជាបានមានប្រសាសន៍ ជំរុញដល់មន្ត្រីថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាការិនីបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា បង្កើនភាពស្និតស្នាលស្វាហាប់ ក្នុងការងារជំនាញកីឡារាំឲ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួត កីឡារាំអន្តរជាតិនានា ។
ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ លើ១៥ ប្រភេទ វិញ្ញាសា រួមមាន៖ វិញ្ញាសា រាំគូ Latin Dance វិញ្ញាសា Standard Dance វិញ្ញាសារាំឯកត្តជន ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៧១នាក់ មកពីក្លឹបចំនួន៥ក្លឹប ក្នុងនោះមាន ក្លឹបមហាផ្ទៃ ក្លឹបកងទ័ពជើងទឹក ក្លឹបខេត្តកណ្តាល ក្លឹបខេត្តកំពង់ចាម ក្លឹបវេសឡាញន៍បាត់ដំបង ដែលនឹងប្រព្រឹត្តទៅនៅពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ៕







ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ