ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ជាយុទ្ធនាការកសាងធនធានមនុស្សកម្រិតមូលដ្ឋាន
(កំពង់ឆ្នាំង)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែង ថា តាមរយៈការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ក្រោមការជួយជ្រោមជ្រែងធំពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានរៀបចំឱ្យមានការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ធ្វើឡើងក្នុងឆ្នាំ២០២៥ គឺជាការបោះជំហានថ្មីមួយទៀត ដែលផ្តល់ឱកាសឱ្យក្លឹបសមាគមន៍ទូទាំងប្រទេសអាចបញ្ជូនកីឡាករថ្នាលចូលរួមការប្រកួត ហើយនេះ គឺជាយុទ្ធនាការក៏សាងធនធានមនុស្សនៅកម្រិតមូលដ្ឋានដើម្បីបន្តនិរន្តរភាព និងរក្សាបាននូវគុណផលកីឡាធ្វើកីឡាប្រដាល់គុនខ្មែរមានសក្កានុពលឈានមុខនៅកម្ពុជា ក៏ជាជាកីឡាប្រកួតកម្រិតអន្តរជាតិទាំងក្នុងនិងក្រៅប្រទេស។ ពិសេស ធ្វើឱ្យអត្តពលិកប្រដាល់គុនខ្មែរវ័យក្មេងបានបញ្ចេញទេពកោសល្យកម្រិតបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅធ្វើឱ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យនិងបទដ្ឋានបច្ចេកទេស និងក្រមសីលធម៌ល្អដែលយើងចាប់ផ្តើមពីកម្រិតមូលដ្ឋានផ្ទាល់នេះតែម្តង។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែង លើកឡើង ក្នុងពិធីបិទកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌ នាល្ងាចថ្ងៃទី២០ ខែ កម្ភៈ ឆ្នាំ២០២៥ ន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រៅពីការអភិវឌ្ឍកម្រិតសមត្ថភាពកីឡាករកីឡាការិនីថ្នាល ការប្រកួតជើងឯកថ្នាក់ជាតិនេះ ក៏ជាការចូលរួមចំណែកបំផុសដល់សិស្សនុសិស្សនិងយុវជន និងមហាជនឱ្យស្រលាញ់ចូលចិត្តនិងលេងកីឡាប្រដាល់គុនខ្មែរជៀសឆ្ងាយពីគ្រឿងញាននិងអំពើរឧបាយមុខផ្សេងៗដែលបានបង្កផលប៉ះពាល់ដល់សង្គម ស្របតាមយុទ្ធសាស្រ្តការអប់រំ ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ។

ដោយឡែក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌បានថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាសដល់យុវជន យុវនារីបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរប្រកបដោយទេពកោសល្យត្រៀមចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមៗឱ្យកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ការប្រកួតនេះ ក៏ជាការបង្ហាញពីគម្រោងផ្សេងៗនៃគុនខ្មែរ និងធ្វើឱ្យកាន់តែរស់រវើក បណ្តុះស្មារតីស្រឡាញ់នូវកេរមរតកដូនតាដែលមានតម្លៃដ៏មហាសាលនេះ ព្រមទាំងចូលរួមអភិរក្ស និងអភិវឌ្ឍឱ្យបានគង់វង្សរាប់ជំនាន់តទៅមុខទៀត។ រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយក្បាច់គុនខ្មែរ ដែលជាកេរមរតកដូនតាខ្មែរ។ ការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរនះ គឺដើម្បីបន្តឱកាសឱ្យអ្នកចេះក្បាច់គុនបុរាណអាចមកសម្តែង និងប្រកួតជាមួយគ្នា បង្ហាញជូនដល់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់ និងបន្តឱកាសស្រាវជ្រាវ ចងក្រងឡើងវិញផងដែរ។ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបន្តលក្ខណៈប្រសើរសម្រាប់បងប្អូនប្រជាជនទូទៅ ក្នុងការលេងកម្សាន្តផង និងដើម្បីពង្រឹងសុខភាពកីឡាករ កីឡាការិនីឱ្យកាន់តែខ្លាំងពូកែផង។
ការប្រកួតនេះមានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានីខេត្តបានចុះឈ្មោះចូលរួមមានចំនួន១៥ ចូលរួម ក្នុងនោះ កីឡាករ កីឡាការិនីសរុប ១៣៩នាក់ (កីឡាករ ១០៦នាក់ និងកីឡាការិនី ៣៣នាក់)។ ចំពោះប្រាក់រង្វាន់ជ័យលាភី រួមមាន ៖ មេដាយមាស ទទួលបានប្រាក់រង្វាន់ ២លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ១លាន ២សែនរៀល, មេដាយសំរឹទ្ធ ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល៕







ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ