ពលរដ្ឋអាចដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ក្នុងករណីមានវិវាទណាមួយ មិនអាចដោះស្រាយបាន ជាមួយ ប.ស.ស.
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម បានលើឡើងថា និយ័តករសន្តិសុខសង្គម ហៅកាត់ថា ន.ស.ស. ត្រូវបានបង្កើតឡើងដើម្បីធ្វើនិយ័តកម្មក្នុងប្រព័ន្ធសន្ដិសុខសង្គមក្នុងគោលបំណង ធានានូវប្រតិតុល្យការ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការប្រើប្រាស់ថវិកាដែលបានមកពីការបង់ភាគទានពីសមាជិក ប.ស.ស. ក៏ដូចជាចូលរួមកសាងនូវភាពរឹងមាំរបស់ប្រព័ន្ធគាំពារសន្តិសុខសង្គម ដើម្បីអាចពង្រីកវិសាលភាព និងធានាបាននូវចីរភាពនៃប្រព័ន្ធនេះ សម្រាប់បច្ចុប្បន្ន និងអនាគត។
ឯកឧត្តមបណ្ឌិតបន្តថា អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម, និយ័តករសន្តិសុខសង្គម ក៏មានភារកិច្ចក្នុងការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ផងដែរ។ ដូចនេះ រាល់សមាជិក ប.ស.ស. ដែលជា កម្មករនិយោជិត, បុគ្គលស្វ័យនិយោជន៍ និងមន្រ្តីរាជការ មានវិវាទណាមួយហើយវិវាទនោះមិនអាចដោះស្រាយបាន ជាមួយ ប.ស.ស., ពួកគាត់អាចបន្ត ដាក់ពាក្យប្តឹងមកកាន់និយ័តករសន្តិសុខសង្គម ដើម្បីនិយ័តករសន្តិសុខសង្គម ជួយរកស្វែងរកដោះស្រាយបន្ថែម មុននឹងឈានប្ដឹងទៅសាលាដំបូងនៃរាជធានី-ខេត្ត ។
ឯកឧត្តមបណ្ឌិត បន្ថែមថា និយ័តករសន្តិសុខសង្គម ដែលជាស្ថាប័នមានតួនាទី និងភារកិច្ចក្នុង “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់” ក៏ទទួលពាក្យបណ្តឹង ពី សមាជិក ប.ស.ស. ដែលជា អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ផងដែរ ក្នុងករណីដែល មានវិវាទណាមួយ មិនអាចទទួលបានការដោះស្រាយសមរម្យ និងពេញចិត្ត ពី មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បាននិងកំពុង យកចិត្តទុកដាក់ជាខ្លាំងក្នុងការ ផ្តល់កិច្ចគាំពារនានាជូនដល់ពលរដ្ឋ ក៏ដូចជាយន្តការអភិបាលកិច្ចក្នុងប្រព័ន្ធគាំពារសង្គម។
ក្នុងពិធីបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុស្សសាសន៍បន្ថែមមួយចំនួន ដល់ និយ័តករសន្តិសុខសង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារ និយ័តកម្ម និង ត្រួតពិនិត្យប្រតិបត្តិការរបបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និង រក្សាបាននូវភាពរឹងមាំ និង ចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និង អត្ថប្រយោជន៍ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង។ បន្ថែមលើនេះ សម្តេចមហាបវរធិបតី ក៏ជាជំរុញលើកទឹកចិត្តឱ្យពលរដ្ឋហ៊ានរាយការណ៍ ក្នុងរណីមានគ្រូពេទ្យរូបណាមិនយកចិត្ដទុកដាក់នៅពេលប្រើប្រាស់បណ្ណប.ស.ស. ឬបណ្ណសមធម៌ជាដើម ព្រោះគ្មានការរើសអើងលើការប្រើប្រាស់បណ្ណទាំងនេះទេ៕




ដោយ ៖ ង៉ាន់ ទិត្យ