អាហ្វហ្គានីស្ថានប្រែក្លាយអតីតមូលដ្ឋានយោធាអាមេរិក ជាពេទ្យព្យាបាលជនពិការ
កាប៊ុល ៖ ក្រសួងការពារជាតិរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន បានប្រែក្លាយអតីតមូលដ្ឋានយោធាដ៏សំខាន់របស់
អាមេរិក ហៅកាត់ NKC (New Kabul Compound) ទៅជាមន្ទីរពេទ្យព្យាបាលជនពិការដោយសារកងកម្លាំងដឹកនាំដោយអាមេរិក ក្នុងអំឡុងពេល ២០ឆ្នាំនៅអាហ្វហ្គានីស្ថាន។
មានទីតាំងស្ថិតនៅជាប់នឹងស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុល NKC បានបម្រើការជាទីបញ្ជាការ និងមជ្ឈមណ្ឌលគ្រប់គ្រងយោធាដ៏សំខាន់ នៃកងកម្លាំងអាមេរិកអស់រយៈពេល ២០ឆ្នាំ បន្ទាប់ពីវត្តមានកងទ័ពបរទេសនៅអាហ្វហ្គានីស្ថានបានបញ្ចប់កាលខែសីហា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Mullah Mohammad Yaqoob Mujahid បាននិយាយថា មន្ទីរពេទ្យនេះ គឺជាមណ្ឌលសុខភាពបំពាក់សម្ភារទំនើបៗនដែលអាចធ្វើប្រតិបត្តិការផ្សេងៗ រួមទាំងការវះកាត់សរសៃប្រសាទ ការខូចរាងកាយពីកំណើត និងការបំពាក់ផ្នែកសិប្បនិម្មិតនៃរាងកាយមនុស្ស។
អគារ NKC ត្រូវបានដាក់បញ្ចូលជាផ្លូវការជាមួយមន្ទីរពេទ្យយោធាសំខាន់របស់អាហ្វហ្គានីស្ថាន ដែលមាន ៤០០គ្រែ ហើយត្រូវបានគេស្គាល់ថា ជាមន្ទីរពេទ្យ Sardar Mohammad Daoud Khan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា