រុស្ស៊ីព្រួយបារម្ភជុំវិញផែនការបញ្ជូនទ័ពណាតូទៅអ៊ុយក្រែន
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ផែនការដាក់ពង្រាយកងកម្លាំងអង្គការ NATO ទៅកាន់អ៊ុយក្រែន កំពុងបង្កឲ្យមានការព្រួយបារម្ភ។
ការអះអាងបែបនេះរបស់រុស្ស៊ី កើតឡើងក្រោយមានរបាយការណ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer គ្រោងស្នើទៅកាន់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នូវផែនការរក្សាសន្តិភាពអ៊ុយក្រែន តាមរយៈការបញ្ជូនទាហានអឺរ៉ុប ៣០.០០០នាក់ទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន។
ជាការឆ្លើយតប តំណាងរដ្ឋាភិបាលរុស្ស៊ី លោក Peskov បាននិយាយថា ទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់នូវរាល់សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយមន្ត្រីអឺរ៉ុប។
លោក Peskov បានបញ្ជាក់យ៉ាងដូច្នេះថា នេះគឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភចំពោះយើង … នៅពេលដែលយើងក៏កំពុងពិភាក្សាអំពីសក្តានុពលនៃការដាក់ពង្រាយយោធាពីបណ្តាប្រទេសណាតូទៅកាន់អ៊ុយក្រែន។
លោក Peskov បានសង្កត់ធ្ងន់ថា ដំណោះស្រាយទាំងអស់នៅអ៊ុយក្រែន គួរតែសម្រេចបានតាមមធ្យោបាយសន្តិវិធី។ រដ្ឋបាលលោក ត្រាំ ជឿជាក់ថា វាសំខាន់ដើម្បីសម្រេចបានសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមរយៈការចរចា ហើយរុស្ស៊ីយល់ស្របយ៉ាងខ្លាំងចំពោះវិធីសាស្រ្តបែបនេះ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា