ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ គ្រប់ស្ត្រីមានផ្ទៃពោះ ត្រូវទទួលបាន ការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ
(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាចទប់ស្កាត់ផលវិបាក ក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ។
ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់ការសម្រាលកូន ត្រូវតែធ្វើនៅមណ្ឌលសុខភាព មន្ទីរពេទ្យសាធារណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព ។
ការណែនាំខាងលើនេះរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា បានអានសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន ឆ្នើមថ្នាក់ជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី សុខភាពមាតា ទារក និងកុមារ ក្នុងឱកាសទិវាជាតិ សុខភាព មាតា ទារក និងកុមារ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” នូវសារប្រកបដោយអត្ថន័យ និងអនុសាសន៍សំខាន់ៗ ជូនចំពោះបង ប្អូន កូន ក្មួយ ជនរួមជាតិទាំងអស់ ។
ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធ ដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ឱ្យទទួលបានលទ្ធផលធំច្រើនជាងមុន ជាមួយនឹងការចំណាយទាប ៕







ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ