អ៊ីស្រាអែលថាហាម៉ាស់បន្លំសាកសពចំណាប់ខ្មាំង ដែលដោះលែង
បរទេស៖ យោធាអ៊ីស្រាអែលបានចោទថា ក្រុមហាម៉ាស់បានបន្លំសាកសពចំណាប់ខ្មាំង ជាស្ត្រីម្នាក់ ដែលត្រូវបានដោះលែង ចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមកាសែត BBC បានចេញផ្សាយថា ដំបូងឡើយ គេរំពឹងថា សាកសពនាង Shiri Bibas ដែលត្រូវបានសម្លាប់ ជាមួយនឹងកូនតូចពីរនាក់ទៀត នឹងត្រូវបញ្ជូនចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ ក្រោយមក ពិនិត្យឃើញថា មិនមែនជាសាកសពនាងទេ តែកូនៗ អាយុ៥ឆ្នាំ និង ២ឆ្នាំ គឺជាសាកសពពិត នេះបើតាមយោធាអ៊ីស្រាអែល។
អ៊ីស្រាអែលចាត់ទុកថា នេះគឺការរំលោភលើកិច្ចព្រមព្រៀង ធ្ងន់ធ្ងរបំផុត របស់អង្គការភេរវករ Hamas ដោយយោធាអ៊ីស្រាអែលបានទាមទារយកសាកសពរបស់នាងមកវិញ រួមជាមួយនឹងចំណាប់ខ្មាំង ដែលនៅសល់ផ្សេងទៀត។
យ៉ាងណាមិញ ហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយលើការអះអាង របស់អ៊ីស្រាអែល នៅឡើយទេ។
បើតាមយោធាអ៊ីស្រាអែល បីនាក់ម្តាយកូន ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ដោយពួកភេរវករ អំឡុងការចាប់ឃុំខ្លួន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមការស៊ើបការណ៍សម្ងាត់ និងការរកឃើញផ្នែកកោសល្យវិច្ច័យ។ តែ ក្រុមហាម៉ាសបាននិយាយថា ក្មេងប្រុស និងម្តាយរបស់ពួកគេត្រូវបានសម្លាប់ នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល។
យ៉ាងណាមិញ ឪពុក ឈ្មោះ Yarden Bibas អាយុ ៣៤ឆ្នាំ ត្រូវបានក្រុម Hamas ដោះលែងនៅ កាលពីថ្ងៃទី១ ខែកុម្ភៈ។
អ៊ីស្រាអែល និងហាម៉ាស់ បានយល់ព្រមផ្លាស់ប្តូរចំណាប់ខ្មាំង៣៣នាក់នៅហ្គាហ្សា ជាថ្នូរនឹងសេរីភាពអ្នកទោសប៉ាឡេស្ទីន ជិត២ពាន់នាក់ ដោះលែងដោយអ៊ីស្រាអែល ក្នុងរយៈពេល៦សប្តាហ៍ដំបូង នៃបទឈប់បាញ់។ មកទល់ពេលនេះ ចំណាប់ខ្មាំង២៨នាក់ និងអ្នកទោស ជាង១.០០០នាក់ ត្រូវបានដោះដូរគ្នា៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត