មន្ត្រីប្រមូលពន្ធអាមេរិក ៦,០០០នាក់ ប្រឈមបណ្តេញចេញពីការងារ
បរទេស៖ នាយកប្រតិបត្តិ របស់ទីភ្នាក់ងារប្រមូលពន្ធអាមេរិក ហៅកាត់ IRS បានប្រាប់ទាំងស្រក់ទឹកភ្នែកថា មន្ត្រីក្រោមឱវាទ ប្រហែល ៦,០០០នាក់ នឹងត្រូវបណ្តេញចេញពីការងារ ដែលស្មើនឹង៦ភាគរយ នៃកម្លាំងការងារសរុប របស់ទីភ្នាក់ងារ ចំពេលពាក់កណ្តាលរដូវកាលប្រមូលពន្ធ ដ៏មមាញឹក នេះបើតាមកាសែត Economictimes។
លោកស្រី Christy Armstrong នាយកផ្នែកធនធានមនុស្សរបស់ ទីភ្នាក់ងារប្រមូលពន្ធអាមេរិក បានប្រាប់បុគ្គលិក តាមទូរស័ព្ទ អំពីដំណឹងនេះ ហើយបានលើកទឹកចិត្តពួកគេ ឲ្យជួយគ្នា ទៅវិញទៅមក។
បើយោងតាមមនុស្សម្នាក់ ដែលដឹងពីបញ្ហានេះ បានប្រាប់ថា ការបញ្ឈប់ការងារ ត្រូវបានគេរំពឹងថា នឹងមានចំនួនសរុប ៦,៧០០នាក់ ហើយភាគច្រើន ជាគោលដៅបុគ្គលិក នៅផ្នែកដែលធ្លាប់ត្រូវបានពង្រីក នៅក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden ដោយពេលនោះ ជាពេលខិតខំប្រឹងប្រែងអនុវត្ត លើអ្នកបង់ពន្ធដែលមានទ្រព្យសម្បត្តិ។ អ្នកវិភាគថវិកាឯករាជ្យ បានប៉ាន់ប្រមាណថា ក្រុមនេះបាន បង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល និងជួយបង្រួមឱនភាពថវិកា រាប់ពាន់លានដុល្លារ។
ការកាត់បន្ថយការងារមន្ត្រីពន្ធដារអាមេរិក ៦,០០០នាក់ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយយ៉ាងខ្លាំងក្លា របស់លោកប្រធានាធិបតី Donald Trump ដែលបានកំណត់គោលដៅ ទៅលើនិយតករធនាគារ បុគ្គលិកព្រៃឈើ អ្នកវិទ្យាសាស្ត្ររ៉ុក្កែត និងបុគ្គលិករដ្ឋាភិបាលរាប់ម៉ឺននាក់ផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានដឹកនាំ ដោយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដែលជាម្ចាស់ជំនួយយុទ្ធនាការបោះឆ្នោត ដ៏ធំបំផុត របស់លោក Donald Trump៕
ប្រភពពី Economictimes ប្រែសម្រួល៖ សារ៉ាត