មេដឹកនាំគណបក្សបៃតងអំពាវនាវឱ្យពលករនៅកូរ៉េ និងជប៉ុន កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ លោក ខុន ចាន់នី ប្រធានគណបក្សបៃតង បានមានប្រសាសន៍ថា ទណ្ឌិត សម រង្ស៊ី គឺជាអ្នកនយោបាយឱបភ្លើង ពីព្រោះកិច្ចការព្រំដែនមិនមែនជាដែនសមត្ថកិច្ចរបស់ទណ្ឌិត សម រង្ស៊ី នោះទេ គាត់ជាអ្នកនយោបាយ ប៉ុន្តែមិនមែនជាអ្នកជំនាញព្រំដែនទេ ហើយជឿថា សេនាធិការជំនាញខាងព្រំដែនរបស់រាជរដ្ឋាភិបាល គឺកំពុងតែធ្វើកិច្ចការងារនេះ។ ទណ្ឌិត សម រង្ស៊ី គួរនៅស្ងាត់ស្ងៀមខ្លះទៅ និងមិនគួរបង្កើតពីរឿងមួយទៅរឿងមួយនោះទេ ពីព្រោះបុគ្គលរូបនេះបង្កើតព្រឹត្តិការណ៍តាំងពីផ្ការីកផ្កាយរោយឥឡូវមកដល់កោះគត់ទៀតហើយ។
ប្រធានគណបក្សបៃតង បានបញ្ជាក់ថា ខ្ញុំសូមលើកទឹកចិត្ត ហើយសំណូមពរដល់ប្រជាពលរដ្ឋខ្មែរក្នុងស្រុក និងក្រៅស្រុក ជាពិសេសពលករនៅជប៉ុន និងកូរ៉េ ដែលកំពុងតែធ្វើបាតុកម្ម សូមរក្សាភាពស្ងប់ស្ងាត់ទៅ ហើយចង់ប្តឹងទាមទារទៅតុលាការអន្តរជាតិ បើយើងដាក់ទៅក៏គេមិនយកចិត្តទុកដាក់ដែរ ពីព្រោះគេកំពុងតែមានបញ្ហាសហរដ្ឋអាមេរិកកំពុងតែដកជំនួយពីតុលាការហ្នឹងទៅទៀត អ៊ីចឹងគេមិនបានខ្វល់ខ្វាយទេ។ យកពេលវេលាខិតខំធ្វើការទៅ បើរវល់តែធ្វើបាតុកម្មថៅកែប្អូនៗនៅកូរ៉េ ជប៉ុនគេមិនសប្បាយចិត្តទេ ប្រយ័ត្នតែគេបញ្ឈប់ពីការងារវេទនា។ និយាយនេះ មិនមែនហាមឃាត់បងប្អូនកូនក្មួយទេ ហើយកុំចាញ់បោកអ្នកនយោបាយដែលភូតភរកុហកកន្លងមក ហើយរហូតមកដល់ឥឡូវនេះ ហើយដកខ្លួនចេញទៅ៕
ដោយ៖ពលជ័យ