អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ តាមខ្សែបន្ទាត់ព្រំដែន នៃទិសទី២ ក្នុងស្រុកអន្លង់វែង
ឧត្តរមានជ័យ៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញសួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅជូនកម្លាំងកងទ័ព និងកងនគរបាលការពារព្រំដែនគោកលេខ៩០៥ ត្រង់ចំណុចបង្គោលសីមាលេខ២ និងលេខ៣ នៃទិសទី២ នៅ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនេះឯកឧត្តម មាន ចាន់យ៉ាដា បាននាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតីនាយរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី លះបង់សាច់ស្រស់ ឈាមស្រស់ ពុះពារគ្រប់ឧបសគ្គ ដើម្បីការពាបូរណភាពទឹកដី។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ អធិបតេយ្យ បូរណភាពទឹកដី នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន និងបានប្រែក្លាយខ្សែបន្ទាត់ព្រំដែន ទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចែកជូនដល់កងកម្លាំងទាំងពីរ គឺ នាយ និងពលទាហាន នៃកងអនុសេនាធំលេខ២ និងកងអនុសេតូចលេខ១ ចំណុះកម្លាំងផ្នែកសឹករងអន្លង់វែង និងជូនដល់កងនគរបាលវរៈការពារព្រំដែនលេខ ៩០៥ ៕
ដោយ៖ឡុង សំបូរ


