លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់សមិទ្ធផលធំៗចំនួនបី និងផ្ដល់​អាហារមួយពេលជូនដល់សិស្សនៃ​សាលាបឋម​សិក្សាទួលចំប៉ី

កំពង់ចាម៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន និងក្រុមការងារកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូល​រួមក្នុងពិធីប្រគល់នូវសមិទ្ធផលធំៗចំនួនបីដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់​សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទើបត្រូវ​បានសាងសង់រួចស្ថិតក្នុង​សាលា​បឋមសិក្សា​ទួលចំប៉ី ភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមិទ្ធផលដែលប្រគល់ជូនសិស្ស និងសាលាបឋមសិក្សាទួលចំប៉ីរួមមាន អគារបណ្ណាល័យមួយខ្នងមានពីរបន្ទប់, អគារ​ទីចាត់ការមួយខ្នង​មានមួយ​បន្ទប់, បន្ទប់ទឹកមួយខ្នង មានបួនបន្ទប់ ព្រមទាំងលាបថ្នាំអគារសាលាចាស់​ឱ្យស្អាតឡើងវិញ។

គប្បីជម្រាបជូនថា អគារសមិទ្ធផលថ្មីៗនេះ បានសាងសង់ឡើងបន្ទាប់ពីលោក​ជំទាវ ហ៊ុន ម៉ាណា ចុះមកប្រគល់​អំណោយ​ផ្ទះទេវតាជូនដល់ពលរដ្ឋនៅ​ក្នុង​ភូមិនេះកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។ ពេលនោះលោកជំទាវបានចុះ​មក​ពិនិត្យ​មើល​ឃើញពីការខ្វះខាតអគារទីចាត់ការ អគារបណ្ណាល័យ និងអគារ​បន្ទប់ទឹកនៅទីនេះ ទើបលោកជំទាវសម្រេចរៀបចំសាង​សង់ជូនដល់សិស្សា​នុសិស្សនៅទីនេះតែម្តង៊

ក្នុងឱកាសនេះលោកជំទាវ ហ៊ុន ម៉ាណា បាននាំនូវប្រសាសន៍ផ្តាំ​ផ្ញើសាក​សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែល​ជានិច្ចកាលលោកតែងគិតគូរ​ពីសុខ​ទុក្ខដល់ពលរដ្ឋ និងក្មួយៗ​សិស្សានុសិស្សគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ក្នុងឱកាសនេះដែរ លោកជំទាវក៏បានរៀបចំនូវអាហារមួយពេលសម្រាប់​ក្មួយៗ​សិស្សានុសិស្ស១០០នាក់ដែលកំពុងសិក្សា​​នៅសាលា​នេះនិងចែកជូននូវកាតា ដែលមានជាសម្ភារៈសិក្សា សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ជាច្រើន៕
ដោយ៖លីពៅ

ads banner