សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក នៃដែនជម្រកសត្វបឹងពែរ កំពុងស្ថិតលើផ្លូវប្រែប្រួលថ្មី
កំពង់ធំ៖ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានមកពី២០ស្ថាប័ន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានទៅកាន់សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៃឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ខណៈសមាជិកសហគមន៍កំពុងចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ។ពួកគេក៏បានបង្កើនជីវភាពប្រកបដោយនិរន្តរភាពដែរ តាមរយៈការងារដាំស្តារព្រៃ និងការគិតគូរចំណូលសម្រាប់ទ្រទ្រង់ដល់សហគមន៍។
លោក កែវ វិបុល ប្រធានសហគមន៍ព្រៃឈើជាំធ្លក បានលើកឡើងថា កន្លងមកសហគមន៍បានចូលរួមពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការធ្វើផ្លូវភ្លើងជុំវិញតំបន់ព្រៃសហគមន៍ ការបណ្តុះដាំស្តារព្រៃឈើដើម្បីបង្កើនគម្របបៃតង និងការរៀបចំឱ្យសមាជិកមានជីវភាពផ្លាស់ប្តូរពីការពឹងអាស្រ័យលើព្រៃឈើ ងាកមកចាប់យកមុខរបរថ្មី ដូចជា ការដាំដុះបន្លែលក្ខណៈគ្រួសារ ការបង្កើតជាក្រុមសន្សំ និងការបើកហាងកាហ្វេសហគមន៍ជាដើម ។មុខរបរថ្មីបន្ថែមនេះកំពុងទាញបានចំណូលយ៉ាងប្រសើរដល់សហគមន៍។
សូមជម្រាបជូនថា ការអភិវឌ្ឍរបស់សហគមន៍ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ទាំងស្មារតីនិងសម្ភារៈជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ពីគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project)” ក្នុងនោះគម្រោង INRM ដែលបានផ្តល់មូលនិធិដល់អង្គការមូលនិធិព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើការជាមួយសហគមន៍ ក្នុងការពង្រឹងសមត្ថភាព និងជំនាញក្នុងការពង្រឹងជីវភាពសហគមន៍ និងការថែរក្សាព្រៃឈើសហគមន៍ ឱ្យបានល្អសម្រាប់កូនចៅរបស់គាត់។
សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១០លើទំហំផ្ទៃដីចំនួន៥.២០៤ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមានប្រជាជនរស់នៅរហូតដល់១ ១១៣គ្រួសារ។
កន្លងមកតាមរយៈការគាំទ្រពីគម្រោង សហគមន៍តំបន់ការពារធម្មជាតិមួយនេះ បានលើកទឹកចិត្តគណៈកម្មការសហគមន៍ ខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងសហគមន៍ និងថែរក្សាធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព គិតគូរលើវិធានការប្រកបដោយនិរន្តរភាព និងការកែច្នៃផលិតផលកសិកម្មនានា ជាងនេះទៅទៀតក៏មានការសាងសង់ហាងកាហ្វេ លក់ភេសជ្ជៈ និងអនុផលព្រៃឈើ និងផ្លែឈើ កែច្នៃជាដើម ដើម្បីបង្កើនជីវភាពមូលដ្ឋាន។
ពេលនេះដោយមានការគាំទ្រពីក្រសួងបរិស្ថាន គម្រោង INRM និងការសម្របសម្រួលពីអង្គការសុខិតកាល ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន បានចូលរួមធ្វើដំណើរទេស្សនកិច្ច ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប។ដំណើរទស្សនកិច្ចនេះនឹងអាចឱ្យក្រុមអ្នកសារព័ត៌មាន បានស្វែងយល់សិក្សាកាន់តែ ស៊ីជម្រៅពីការងារចូលរួម របស់សហគមន៍នៅក្នុងកិច្ចការងារអភិរក្សធនធនធម្មជាតិ ការដាំស្តារព្រៃ ជាពិសេសគឺនិរន្តរភាព ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការការងាររបស់សហគមន៍។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនក្នុងតំបន់ កំពុងកែប្រែឥរិយាបទ លើការពឹងពាក់លើជម្រើសមុខរបរដែលមិនពាក់ព័ន្ធនឹងព្រៃឈើ កាន់តែច្រើនឡើងៗ ដែលជាលទ្ធផលគួរជាទីមោទនៈ។
កិច្ចការពារបរិស្ថាន ចាំបាច់ត្រូវការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពីសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលពួកគាត់ត្រូវតែមានជីវភាពល្អប្រសើរ មិនពឹងលើការពឹងលើធនធានធម្មជាតិ។ឯកឧត្តម ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោង INRM ក៏ដូចជាជាអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពីមន្ទីរបរិស្ថានខេត្តនានា អាជ្ញាធរមូលដ្ឋាន ដែលបច្ចុប្បន្នប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនទៀត បានទទួលការគាំទញរ ធ្វើការដាំដុះបន្លែ ឈើហូបផ្លែ សាងសង់ថ្នាលបណ្ដុះកូនឈើ ដើម្បីដាំស្តារព្រៃ និងជម្រើសមុខរបរថ្មីៗមួយចំនួនទៀត ដែលមិនពាក់ព័ន្ធនឹងព្រៃឈើ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសំណូមពរឱ្យមានការបន្តកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីដៃគូសហគារនានាជួយបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិ ដល់សហគមន៍ សម្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍គោលដៅលំហបៃតង នៅតាមសហគមន៍ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ដើម្បីធានានិរន្តរភាពព្រៃឈើ និងជីវភាពប្រជាពលរដ្ឋមូលដ្ឋាន៕
ដោយ ៖ង៉ាន់ ទិត្យ
រូបភាព ៖សែម បូរិន














