ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងវិស័យទេសចរណ៍ គឺដើម្បីឱ្យទទួលបានការងារធ្វើ និងប្រាក់ចំណូល​សមរម្យ

បន្ទាយមានជ័យ៖ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ដល់​យុវជន កម្មករ បុគ្គលិក ឱ្យទទួលបានការងារ​ធ្វើ និងប្រាក់ចំណូល​សមរម្យក្នុង​សេវាកម្មទេសចរណ៍ ជាគោលដៅសំខាន់រួមនៃសិក្ខាសាលាផ្សព្វផ្សាយពិគ្រោះ​យោបល់ ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)ដើម្បីជ្រើស​រើស​សិក្ខាកាម និងគ្រូបង្គោលប្រចាំខេត្តបន្ទាយមានជ័យ ។

ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំខេត្ត​បន្ទាយមានជ័យ លោក ឈឿន សេរីវុធ ប្រធានមន្ទី ទេសចរណ៍ខេត្ត​បន្ទាយមានជ័យ បានលើកឡើងថាសិក្ខាសាលានេះសំដៅអភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស ជំនាញទន់ និង​ជំនាញសហគ្រិនភាពដែលជា​ជំនាញវិជ្ជាជីវៈ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រាក់ចំណូល ដល់យុវជន និង​បុគ្គលិកដែលមានជំនាញទាប។ នេះក៏ជាដំណាក់កាលទី៣ ដែលមាន​សិក្ខាកាមមកពីខេត្តគោលដៅចំនួន៤​រួមមាន​ខេត្តពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ​ និងខេត្តបន្ទាយមានជ័យ មកទទួល​ការបណ្តុះបណ្តាល​បដិសណ្ឋារកិច្ចកម្ពុជា​លើ​មុខជំនាញ ឆុងកាហ្វេ ចុងភៅ និងភេសជ្ជៈ រួមទាំងផ្នែកគេហកិច្ច និងជំនាញការិយាល័យជួរ ។

បើតាមលោកប្រធានមន្ទីរ សិក្ខាកាមភាគច្រើនជាយុវជន កម្មករ បុគ្គលិក មកពីសេវាកម្មទេសចរណ៍មាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ អាហារដ្ឋាន និងផ្ទះស្នាក់សហគមន៍ទេសចរណ៍ជាដើម។ការបណ្តុះ​បណ្តាល​បដិ​សណ្ឋារកិច្ច​នេះបានពីរដំណាក់កាលមកហើយ ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤ ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីសារៈបណ្ដុះ​បណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជន កម្មករ បុគ្គលិក ដែលបម្រើការងារផ្នែក​ទេស​ចរណ៍នេះ ឱ្យទទួលបានទាំងជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner