លោក អេង រស្មី ចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ជំនួស លោក គង់ ពុទ្ធារ៉ា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថាន
(ខេត្តពោធិសាត់)៖ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺលោក អេង រស្មី ជំនួសលោក នុត ពុទ្ធារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថានវិញ។
ពិធីប្រកាសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានប្រគល់តួនាទីជូនលោក អេង រស្មី ថែទាំផ្ទះឱ្យស្អាត និងមានភាពបៃតងស្រស់បំព្រងដោយចីរភាព សម្រាប់អ្នកជំនាន់ក្រោយរបស់យើង។ ការបង្ហាញពីភាពស្អាតផ្ទះរបស់យើង គឺប្រៀបដូចជាការតបគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការធ្វើឱ្យសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមានការអនុវត្តច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ ការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងក្រុមអ្នកច្បាប់របស់ក្រសួងបរិស្ថាន។ លើសពីការពង្រឹង ការពង្រីកវិសាលភាពព្រៃឈើ តាមរយៈការបណ្តុះកូនឈើច្រើនជាង១លានដើម និងចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ រួមនឹងការអភិវឌ្ឍចំណេះដឹងដល់ប្រជាសហគមន៍ឱ្យមានផ្នត់គំនិតស្អាត និងចេះកៃច្នៃពីមុខរបរចូលព្រៃតាមទំលាប់មកជារបរបែបអាជីវកម្មខ្នាតតូច មធ្យម ដែលមានការផ្តល់សេវាកម្មទេសចរណ៍ជាដើម ក៏ជាសមិទ្ធផលគួរជាទីមោទនរបស់យើងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជូនចំពោះមន្រ្តីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមជាមួយអនុសាសន៍ ៨ចំណុច និយាយជារួមអនុសាសន៍ទាំងនោះបានផ្តោតលើ ការការពារព្រៃឈើ តាមរយៈការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ហើយការធ្វើការដែលគោរពតាមឋានានុក្រម និងមានរបាយការណ៍អំពីវឌ្ឍនភាពការងារជាក់លាក់ គឺជាជំហានឈានឆ្ពោះទៅការដោះស្រាយបញ្ហាបានទាន់ពេលវេលា ឆ្លើយតបតម្រូវការចាំបាច់ ជាមួយគ្នានេះដើម្បីប្រសិទ្ធភាពការងារ ការរួមចំណែកពីបច្ចេកវិទ្យា និងការយល់ដឹងពី AI ក៏ជាល្បឿនជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ ៖ ង៉ាន់ ទិត្យ












