និស្សិត ២រូប ទទួលបានជ័យលាភីលេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាការគ្រប់គ្រងហិរញ្ញវត្ថុ និងសវនកម្ម
(ភ្នំពេញ)៖ និស្សិតជ័យលាភីឆ្នើម ចំនួន ២រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃ ការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Auditing-FAU) នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។
និស្សិតទាំង ២រូបដែលទទួលបានជ័យលាភីនេះ បានទទួលការសារទរពីឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាព វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា, លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ, លោក នូវ រតនា នាយកការិយាល័យតំណាង អេ ស៊ី ស៊ី អេ ប្រចាំប្រទេសកម្ពុជា ព្រមទាំងនាយក សាស្រ្តាចារ្យ គណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៥ឆ្នាំដំបូង ដែលវិទ្យាស្ថានខេមអេដ ចាប់ផ្តើមបង្រៀនសញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ ACCA មិនមាននិស្សិតទទួលជ័យលាភីឆ្នើមលើពិភពលោកនោះទេ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងពង្រឹងគុណភាព ក៏ដូចជានាំយកមកនូវសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងគុណវុឌ្ឍិខ្ពស់មកបង្រៀនសិស្សនិស្សិតយើងមក យើងក៏មាននិស្សិតទទួលបានជ័យលាភីជាហូរហែរក្នុងការប្រឡងជាអន្តរជាតិនានា តួយ៉ាងដូចជាថ្ងៃនេះ វិទ្យាស្ថានខេមអេដ ពិតជាមានមោទកភាពដែលនិស្សិត ចំនួនពីររូប រួមមាន កញ្ញា សូ លីហ្សា បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម(Foundations in Audit-FAU) និង លោក សៀង ប៊ុនលាង ចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាគណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែធ្នូ ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ ។
លោក នូវ រតនា បានលើកឡើងថា នៅប្រទេសកម្ពុជា កាលពីជាង១០ឆ្នាំមុន ចំនួនអ្នកបញ្ចប់ការសិក្សាលើសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែក គណនេយ្យ CAT និងសញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ ACCA មានមិនដល់១០នាក់នោះទេ ខណៈបច្ចុប្បន្ន ចំនួនអ្នកបញ្ចប់ការសិក្សាលើកម្មវិធី នេះមានកំណើនរហូតទៅដល់រាប់រយនាក់។ បន្ថែមពីនោះ លោកក៏ចាប់អារម្មណ៍ពីការកើនឡើង នៃនិស្សិតដែលមានសម្ថភាព និងជំនាញ តួយ៉ាងដូចជានិស្សិតរបស់វិទ្យាស្ថានខេមអេដ ដែលតែងទទួលបានជ័យលាភីឆ្នើមលេខ១ លំដាប់ពិភពលោក លើមុខវិជ្ជាចំនួន២ គឺមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រង ហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ឯកឧត្តមបណ្ឌិត ងី តាយី បានចូលរួមអបអរសាទរដល់និស្សិតឆ្នើមទាំង ២រូប ក៏ដូចជាថ្លែងអំណរគុណដល់លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដ ដែលតែងតែចូលរួមក្នុងការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មក្នុងប្រទេសកម្ពុជា តាមរយៈការនាំយកនូវកម្មវិធីសញ្ញាបត្រជំនាញ អ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT និងសញ្ញាបត្រអ្នកជំនាញផ្នែកគណនេយ្យ ACCA មកបង្រៀននៅប្រទេសកម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកនូវសាស្ត្រាចារ្យល្អៗ មកពីទូទាំងពិភពលោក មកបង្រៀននិស្សិតកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការបង្កើននូវអព្យាក្រឹតភាព ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការប្រកាសពន្ធ ពីសំណាក់អង្គភាពនានា ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ភាពជោគជ័យរបស់ប្អូនៗទាំងពីរនាពេលនេះ មិនមែនត្រឹមតែផ្តល់នូវកិត្តិយសជូនគ្រួសារ តែវាក៏បានផ្តល់នូវកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបានជូនប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ប្អូនៗ មេត្តាបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កញ្ញា សូ លីហ្សា និងលោក សៀង ប៊ុនលាង គឺជានិស្សិតដែលកំពុងសិក្សាកម្មវិធី បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT នៅវិទ្យាស្ថាន ខេមអេដ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត


















