លោក Trump គំរាមដាក់ពន្ធ ១៥០ ភាគរយលើប្លុក BRICS បើហ៊ានមិនចាយលុយដុល្លារអាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចំៗដល់បណ្ដាប្រទេស BRICS នៅថ្ងៃព្រហស្បតិ៍ថា លោកនឹងដំឡើងពន្ធ ១៥០% សងសឹកការប៉ុនប៉ងណាមួយ ដែលចង់ចាយលុយផ្សេងជំនួសលុយដុល្លារអាមេរិក ពោលគឺចង់បំផ្លាញលុយដុល្លារអាមេរិក។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បានឱ្យដឹងថា ការជំនួសលុយដុល្លារអាមេរិក គឺជាគោលដៅជាច្រើនឆ្នាំហើយរបស់ក្រុមប្រទេស BRICS ដែលក្នុងនោះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ប៉ុន្តែបំណងនេះត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នា ក្នុងចំណោមប្រទេសសមាជិក។
យ៉ាងណា លោក ត្រាំ បានប្រាប់សមាគមអភិបាលបក្សសាធារណៈរដ្ឋនៅទីក្រុងវ៉ាស៊ីនតោនថា រដ្ឋ BRICS កំពុងព្យាយាមបំផ្លាញលុយដុល្លារអាមេរិក ហើយពួកគេចង់បង្កើតរូបិយប័ណ្ណថ្មីមួយ។ លោក ត្រាំ បន្ថែមថា ប្រទេស BRICS ប្រហែលជាចង់ប្រើប្រាស់លុយយ័នរបស់ចិនជំនួសលុយដុល្លាររបស់សហរដ្ឋមេរិក។
មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា នៅពេលលោកចូលកាន់តំណែង … រឿងដំបូងដែលលោកចង់និយាយ គឺរដ្ឋ BRICS ណាមួយ ដែលហ៊ានសូម្បីតែនិយាយអំពីការបំផ្លាញលុយដុល្លារ នោះនឹងត្រូវប្រឈមមុខការដំឡើងពន្ធ ១៥០% … យើងមិនចង់បានទំនិញរបស់អ្នកទេ។
កាលពីមុន លោក Trump ធ្លាប់គំរាមថា លោកនឹងដាក់ពន្ធ ១០០% លើការនាំចូលពីបណ្តាប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន ឬបោះបង់លុយដុល្លារអាមេរិក។ បើតាមការអះអាងរបស់លោក ត្រាំ ប្រទេសណាដែលព្យាយាមចាយលុយជំនួសលុយដុល្លារ ដើម្បីធ្វើពាណិជ្ជកម្មអន្តរជាតិ នោះពួកគេនឹងនិយាយពាក្យលាទៅកាន់សហរដ្ឋអាមេរិក៕
ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា

