ក្រសួងអភិវឌ្ឍន៍ជនបទបង្ហាញយុទ្ធសាស្រ្ត​ និងទិសដៅបន្តសម្រាប់អនុវត្ត​ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន​បង្ហាញឱ្យដឹងនូវយុទ្ធសាស្រ្ត និងទិសដៅបន្តរបស់ក្រសួងសម្រាប់​ឆ្នាំ​២០២៥ ។តើយុទ្ធសាស្រ្ត និងទិសដៅបន្តនោះមានអ្វីខ្លះ?

ឯកឧត្តម ឆាយ ប្ញទ្ធីសែន បានបញ្ជាក់កាលពីរសៀលថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥​ក្នុងពិធីបិទសន្និបាតបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២៤ និង​លើកទិសដៅការងារ​ឆ្នាំ​២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយក​រដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថា យុទ្ធសាស្ដ្រ និងទិសដៅ​បន្តរបស់ក្រសួង សម្រាប់ឆ្នាំ២០២៥ ចំនួន ៥ គឺ ១.អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជនបទប្រកបដោយ​ភាពធន់, ២.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន​ជនបទ, ៣.​ការជំរុញអភិវឌ្ឍ​សហគមន៍ជនបទ និងចលនាភូមិគំរូ, ៤.ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង៥.ការគ្រប់គ្រងស្ថាប័ន និងសេ​វាគាំទ្រ​ទូទៅ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា​ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និង​ភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅចូលរួមចំណែកអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ ដែលមានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដែលអញ្ជើញជាអធិបតី​ក្នុងឱកាសនេះបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធ​ផលនានាដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងរយៈពេល ១ឆ្នាំ កន្លងមក និងបាន​ឯកភាពជាមួយទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីឈាន​ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួង ដែលជាមូលដ្ឋាន​ចូលរួម​ចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា ដែលមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ៕
ដោយ៖មុនី
រូបថតៈក្រសួងអភិវឌ្ឍន៍ជនបទ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner