មកដឹងពីសមិទ្ធផលធំៗដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ២០២៥
ភ្នំពេញ៖ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចេញឱ្យដឹងនូវសមិទ្ធផលធំៗដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តម ឆាយ ប្ញទ្ធីសែន បានបង្ហាញនូវសមិទ្ធផលដែលក្រសួងសម្រេចបាន ក្នុងឆ្នាំ២០២៤ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានលើកឡើងអំពីយុទ្ធសាស្ដ្រ និងទិសដៅបន្តរបស់ក្រសួង សម្រាប់ឆ្នាំ២០២៥ ចំនួន ៥ គឺ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖មុនី
រូបថតៈក្រសួងអភិវឌ្ឍន៍ជនបទ



