ដំរីព្រៃស្រីលង្កាសម្លាប់មនុស្ស ២នាក់ ក្រោយរថភ្លើងបុកដំរីព្រៃងាប់ ៦ក្បាល
កូឡុំបូ ៖ ប៉ូលីសស្រីលង្កាបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារស្នាដៃដំរីព្រៃវាយប្រហារនៅទីក្រុង Aralaganwila ខេត្តភាគកណ្តាលឆៀងខាងជើង របស់ប្រទេសស្រីលង្កា ដែលមានខេត្តចំនួន៩ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ហេតុការណ៍នេះកើតឡើងក្រោយដំរីព្រៃចំនួន ៦ក្បាល ត្រូវបានរថភ្លើងមនុស្សបុកងាប់នាពេលថ្មីៗនេះ។ ជនរងគ្រោះស្លាប់ដោយសារដំរីព្រៃចុងក្រោយនេះ ត្រូវបានគេស្គាល់ថា ជាបុរសអាយុ ៧២ឆ្នាំ និង ស្ត្រីអាយុ ៧៥ឆ្នាំរស់នៅក្នុងគ្រួសារជាមួយគ្នា។ ប្រទេសស្រីលង្កាបានជួបប្រទះនូវជម្លោះ រវាងមនុស្ស ននិងសត្វដំរីព្រៃយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនឆ្នាំមកហើយ។
ជាក់ស្តែង រដ្ឋមន្ត្រីបរិស្ថានស្រីលង្កា លោក Dammika Patabendi បានប្រាប់សភាកាលពីដើមខែនេះថា នៅចន្លោះឆ្នាំ ២០១៥ និង ២០២៤ ដំរីព្រៃចំនួន ៣.៤៧៧ក្បាល និងមនុស្សចំនួន ១.១៩០នាក់បានស្លាប់ ដោយសារជម្លោះ។
ខេត្តភាគកណ្តាលឆៀងខាងជើង ដែលមានខេត្តចំនួន៩ បានកត់ត្រាចំនួនឧប្បត្តិហេតុជម្លោះរវាងមនុស្ស និងដំរីព្រៃខ្ពស់បំផុត។ ក្នុងចំណោម ២៩ករណី មាន ២៧ករណីកើតឡើងនៅខេត្តនេះ ធ្វើឲ្យជម្លោះនោះមើលឃើញការកើនឡើងយ៉ាងខ្លាំងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
