ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អរគុណ អាល្លឺម៉ង់ ដែលបានចូលរួមចំណែក ការពារជីវិតរាប់លាននាក់ នៅទូទាំងពិភពលោក

(សៀមរាប)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកដ៏មានតម្លៃជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀងរបស់យើង ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអរគុណបែបនេះ ក្នុងពិធីបិទ វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត ដែលសហរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពេញ និងសហភាពអឺរ៉ុប (EU) ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈម ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីបានដំណើរការរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប នាពេលថ្មីៗនេះ ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនេះ វេទិកាអនាគត ប្រព្រឹត្តទៅបានល្អដូចការគ្រោងទុក ដោយបានចូលរួមផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពីទូទាំងទ្វីប លើប្រធានបទកសិកម្មប្រកបដោយនិរន្តរភាព ប្រព័ន្ធស្បៀងមានភាពធន់ និងសកម្ម ភាពអាកាសធាតុសម្រាប់ការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ពីលទ្ធផលកិច្ចពិភាក្សា នឹងអាចយកទៅដាក់បញ្ចូល ក្នុងគោលនយោបាយនានា ហើយក៏នឹងអាចមានផលជាយូរអង្វែងនៅកម្រិតពិភពលោក កម្រិតតំបន់ និងថ្នាក់ជាតិផងដែរ ។

ឯកឧត្តមជឿជាក់ថា លទ្ធផលនៃវេទិកាអនាគតនេះ នឹងផ្តល់នូវធាតុចូលសម្រាប់អ្នកចូលរួម ដើម្បីដាក់ចូលក្នុងរបៀបវារៈសកល ឆ្នាំ២០២៥ ជាពិសេសគណៈប្រតិភូកម្ពុជា ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូល N4G ក្នុងខែមីនា នៅទីក្រុងប៉ារីស និងកិច្ចប្រជុំផ្សេងៗទៀតដូចជា៖ UNFSS+4, SUN Movement, COP 30 ជាដើម ។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខ យើងត្រូវពន្លឿនដំណោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច, លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ, កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង, និងលើកកម្ពស់សុវត្ថិភាពចំណីអាហារដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឲ្យប្រសើរឡើង។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានលើកឡើងថា វេទិកាអនាគតនេះបានបង្ហាញពីទំនួលខុសត្រូវរួមរបស់យើងក្នុងការភ្ជាប់ប្រព័ន្ធស្បៀង, បរិវត្តកម្មអាហារូបត្ថម្ភ, និងភាពធន់នឹងអាកាសធាតុ ក្នុងពេលជាមួយគ្នានេះ ជម្រុញនវានុវត្ត, កែទម្រង់គោលនយោបាយ, និងការតស៊ូមតិ និងការចូលរួមពីវិស័យឯកជន និងលើកកម្ពស់ភាពជាដៃគូរវាងឯកជន និងសាធារណៈ។ ក្នុងពេលដែលយើងកំពុងឈានទៅមុខ សូមយើងទាំងអស់គ្នាយកចំណេះដឹងទាំងនេះប្រែក្លាយទៅទៅជាសកម្មភាព, កិច្ចសហការ, និងការសម្របសម្រួលនៅទូទាំងវិស័យ និងអ្នកពាក់ព័ន្ធ, ការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាព, និងធានាឲ្យមានសុខភាពកាន់តែរឹងមាំនាពេលអនាគតសម្រាប់ទាំងអស់គ្នា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner