រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមារ ឱ្យកាន់តែប្រសើរទៀត

(ភ្នំពេញ)៖ ទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលដៅ ដោយផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យកុមារទាំងអស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំកុមារៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យសមាគម ត្រូវបង្កើនការងារបណ្តុះបណ្តាលបន្ត ជាពិសេសគ្រូពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។

ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅតាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី ការធ្វើរោគវិនិច្ឆ័យ ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ។

ឯកឧត្តម រដ្ឋមន្រ្តី បានគាំទ្រ និងកោតសសើរការងាររបស់សមាគមបានធ្វើកន្លងមក គឺពិតជាការងារដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រកុមារ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំទិវាវេជ្ជសាស្ត្រកុមារនៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ និងព័ត៌មានថ្មីៗ ព្រមទាំងពិធីសារថ្មីៗក្នុងការគ្រប់គ្រងព្យាបាលនៃជំងឺកុមារ បន្តឱ្យមាននិរន្តរភាពការរៀបចំជារៀងតទៅទៀត។ ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់មន្រ្តីសុខាភិបាល និងសមគមទាំងអស់ សូមឱ្យមានការសហការគ្នាឱ្យបានល្អ ដោយត្រូវចេះសាមគ្គី យោគយល់ និងចេះចែករំលែកនូវចំណេះដឹង បទពិសោធន៍រវាងគ្នានិងគ្នា ក្នុងស្មារតីគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយចាត់ទុកអ្នកជំងឺ ដូចជាសមាជិកគ្រួសារយើងដែរ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner