លោក Zelensky មិនទាន់ត្រៀមខ្លួនស៊ីញ៉េប្រគល់រ៉ែកម្រតម្លៃ ៥០០ពាន់លានដុល្លារឲ្យអាមេរិកទេ
គៀវ ៖ ប្រភពពីអ៊ុយក្រែនបានប្រាប់កាសែតបារាំង AFP ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់រ៉ែកម្រាមានតម្លៃ ៥០០ពាន់លានដុល្លារទៅឲ្យអាមេរិក ជាថ្នូរនឹងកិច្ចចរចាបទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឱ្យអ៊ុយក្រែនប្រគល់រ៉ែកម្ររបស់ប្រទេសខ្លួនឱ្យក្រុមហ៊ុនអាមេរិក ជាសំណងសម្រាប់ជំនួយរាប់សិបពាន់លានដុល្លារ ដែលផ្តល់ឲ្យអ៊ុយក្រែនក្រោមរដ្ឋបាលលោក ចូ បៃដិន។
ទោះបីជាយ៉ាងណា ប្រភពពីអ៊ុយក្រែនដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន AFP ថា សម្រាប់ពេលនេះ លោកប្រធានាធិបតី ហ្សេលេនស្គី មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកវាទេ… ពួកយើងកំពុងធ្វើការកែសម្រួល និងបន្ថែមការស្ថាបនា។
ប្រភពបានគូសបញ្ជាក់ថា មិនមានកាតព្វកិច្ចរបស់អាមេរិកនៅក្នុងកិច្ចព្រមព្រៀងទាក់ទងនឹងការធានា ឬការវិនិយោគនោះទេ អ្វីគ្រប់យ៉ាងអំពីពួកគេគឺមិនច្បាស់លាស់ ហើយពួកគេចង់ទាញយកលុយ ៥០០ពាន់លានដុល្លារពីពួកយើង។ តើភាពជាដៃគូប្រភេទនេះជាអ្វី? … ហើយហេតុអ្វីបានជាយើងត្រូវផ្តល់ប្រាក់ចំនួន ៥០០ពាន់លានដុល្លារ។
ការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងរ៉ែកម្រនេះ បានកើតឡើងចំពេលមានសង្រ្គាមពាក្យសម្តីរវាងលោក ហ្សេលេនស្គី និង លោក ត្រាំ ដែលបានដាក់ឈ្មោះមេដឹកនាំអ៊ុយក្រែនថា ជា “ជនផ្តាច់ការ” នៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីដើមសប្តាហ៍នេះ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា
