អភិបាលខេត្តបន្ទាយមានជ័យជំរុញដល់កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួន
បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានរំលឹកនិងជំរុញដល់កងកម្លាំងឈរជើង តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ត្រូវបន្តរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ការរត់ពន្ធទំនិញគេចពន្ធ ពលករលួចឆ្លងដែនខុសច្បាប់។ ជាពិសេសការចរាចរគ្រឿងញៀនជាដើម។
ឯកឧត្តមអភិបាលខេត្តក៏បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ទូទាំងខេត្ត និងមន្ទីរជំនាញបន្តយកចិត្តទុកដាក់ពិនិត្យ តាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួនសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ។
ដោយឡែកពាក់ព័ន្ធនឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ ឯកឧត្តម អ៊ុ រាត្រី បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កងកម្លាំង ទាំងអស់បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមានរបៀបវារៈសំខាន់ចំនួនបី ក្នុងនេះ ១.ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈផ្ទៃក្នុង,២.ការងារព្រំដែននិងទី៣.ការត្រៀមរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ៕
ដោយ៖ឃិន គន្ធា





