ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៦នាក់ទៀត
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៦នាក់បន្ថែមទៀត ដែលជាឈ្លើយសឹកចុងក្រោយគេ ត្រូវបានដោះលែងក្រោមដំណាក់កាលដំបូងនៃបទឈប់បាញ់ដ៏ផុយស្រួយ។
នៅក្នុងពិធីមួយក្នុងទីក្រុង Nuseirat ភាគកណ្តាល តំបន់ហ្គាហ្សា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បាននាំយកចំណាប់ខ្មាំងអ៊ីស្រាអែលឡើងលើឆាក ក្នុងរួមមាន Eliya Cohen អាយុ ២៧ឆ្នាំ Omer Shem Tov អាយុ ២២ឆ្នាំ និងជនជាតិអ៊ីស្រាអែលកាត់អាហ្សង់ទីន Omer Wenkert អាយុ ២៣ឆ្នាំ។
ពួកគេទាំងនោះបានកាន់វិញ្ញាបនបត្រដោះលែង មុនពេលប្រគល់ទៅឱ្យកាកបាទក្រហម ដែលបានយកពួកគេធ្វើដំណើរតាមក្បួនរថយន្តត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីការជាប់ឃុំអស់រយៈពេលជាង ១៦ខែ។
នៅក្នុងពិធីស្រដៀងគ្នានេះកាលពីថ្ងៃសៅរ៍ នៅ ទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា ក្រុមហាម៉ាស់ក៏បានដោះលែងចំណាប់ខ្មាំងឈ្មោះ Tal Shoham អាយុ ៤០ឆ្នាំ និង Avera Mengistu អាយុ ៣៨ឆ្នាំផងដែរ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានចាប់ឃុំខ្លួនមនុស្សរាប់រយនាក់ ក្នុងអំឡុងពេលវាយប្រហារមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមជាង ១៥ខែនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


