ព្រឹត្តិការណ៍”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សៀមរាប៖នៅខេត្តសៀមរាបដដែល ស្របពេលគ្នានឹងកម្ពុជា-កូរ៉េប្រារព្ធ​ពិព័រណ៍សិល្បៈនៅសារមន្ទីរជាតិដែលជានិមិត្តរូបនៃ ស្មារតីយូរអង្វែង​នៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពនោះ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងចិន បានសហការ​រួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិព័រណ៍​រូបភាពនិង​ការភ្លក្សម្ហូបអាហារ របស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

ព្រឹត្តិការណ៍បែបទេសចរណ៍និងវប្បធម៌ដ៏ធំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម យិន លីសមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយ​នីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិនឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន​ប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់​ដឹកនាំនិងប្រតិភូប្រទេស ទាំង២ ជាច្រើនរូប។

ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្រោមកិច្ចទំនាក់ទំនងល្អរវាង ប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ចំពោះការ ដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែម​លើការងារនយោបាយថែមទៀតផង។

បន្ថែមទៅលើអ្វីដែលលោកទូតចិនបានបញ្ជាក់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន បានមានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយហើយទំនាក់ទំនងនេះកាន់តែស្អិត រមួតទ្វេឡើងជាពិសេស​នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ក្នុងរយៈពេលជាបីទសវត្សកន្លងមកនេះមិត្តចិនរួមចំណែកយ៉ាង ធំធេងនៅក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា តាមរយៈការផ្តល់ជំនួយ​ឥតសំណង កម្ចីសម្បទានដើម្បីគាំទ្រដល់វិស័យអាទិភាព សំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់កម្ពុជា ពិសេសការកសាង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ដូចជាផ្លូវ ស្ពាន ថ្នល់ បណ្តាញអគ្គិសនីជាដើម។

លោកជំទាវបន្តថា ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏មានគម្រោងធំៗ​មួយចំនួនដូចជា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ព្រលាន​យន្តហោះ​អន្តរជាតិសៀមរាបអង្គរ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ក៏នឹងអាចលេច​ចេញជារូបរាងនៅក្នុងពេលខាងមុខនេះដែរដែលគម្រោងទាំងនេះនឹងជួយលើកកម្ពស់ការត ភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរថែមទៀត។

ចំណែកឯកឧត្តម យិន លី សមាជិកការិយាល័យនយោ​បាយមជ្ឈិម​បក្សកុម្មុយនីស្ដចិន បានបង្ហាញនូវក្ដីរីករាយចំពោះការបានមក​ដល់ប្រទេសកម្ពុជា ជាពិសេសទឹកដីនៃខេត្តសៀមរាប ដែលជាតំបន់​បុរាណរបស់កម្ពុជា ដែលមានសម្បត្តិវប្បធម៌ជាច្រើនសម្រាប់​ទាក់ទាញ​ដល់វត្តមានភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យមកទស្សនា ហើយក៏ជា​ប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។

ឯកឧត្តមបន្តថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះដែរ ឯកឧត្តមជឿជាក់ថា វានឹងជាចំណែកមួយ ក្នុងការរឹតចំណងមិត្តភាព​ប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ទាំងវិស័យការទូត និងវិស័យនយោបាយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ​នេះដែរ នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែល្អប្រសើរ ពិសេស​ខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកធំលើវិស័យទេសចរណ៍ ដែល​ការណ៍នេះ ប្រទេសចិននឹងជំរុញបន្ថែមទៀត នូវជើងហោះហើរត្រង់មក​កាន់ខេត្តសៀមរាប ជាមួយនឹងការជំរុញភ្ញៀវទេសចរចិនមកកាន់ប្រទេស​កម្ពុជាបន្ថែមទៀត។

សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈដូចគ្នា​ស្ថានឯកអគ្គរាជទូត​កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ (KCA) ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នា នៅសារមន្ទីរជាតិ ខេត្តសៀមរាប ដែលជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព ។ពិធីនេះ ក៏មានការចូលរួមបើកជា​ផ្លូវការពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ការជួបជុំនាពេលនេះ ជានិមិត្តរូបនៃស្មារតីយូរ​អង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព​រវាងកម្ពុជា និងកូរ៉េ។ គម្រោងអង្គរ បានរួមគ្នានៅខេត្ដសៀមរាប ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ ស្នាដៃសិល្បៈដោយវិចិត្រករ​សិល្បៈកូរ៉េល្បីៗ ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែល​ត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ ភាពសុខដុមរមនា​របស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌ តាមរយៈការថតរូបប្រាសាទ ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប។
ក្នុងឱកាសនេះឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដ មានប្រសាសន៍​ថា ខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូរៀន នៃខេត្ត​ឈៀងពី ខេត្តជុងចុងណាំដូ និងខេត្តកាងរៀន។ តាមរយៈទំនាក់​ទំនង​ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនេះ។កិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់ ដែលទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម។ ចំពោះព្រឹត្តិការណ៍អន្តរជាតិដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងកម្ពុជា ប្រជាជន និងប្រជាជន ក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ខ្មែរ-កូរ៉េ ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា​ខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យ​ទេសចរណ៍ក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សៀមរាបទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពល​វិស័យទេសចរណ៍ជាចម្បងនេះ។៕
ដោយ៖​ ប៊ុន ​រដ្ឋា

ads banner