ឯកឧត្តម ឌិត ទីណា ៖ សហគមន៍កសិកម្មទំនើប កសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួមដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង
(ខេត្តកំពង់ធំ)៖ ក្នុងឱកាស អញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តធ្វើការសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០ ។
លោក ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ និងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់។

លោកបន្តថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើន ជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។ សហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។ នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរគរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត៕
ប្រភព ៖ ក្រសួងកសិកម្ម


