សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានទទួល​ការលើកទឹកចិត្តពីរដ្ឋមន្រ្តីកសិកម្ម

កំពង់ធំ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួប​សំណេះ​សំណាលជាមួយ​សហគមន៍​កសិកម្មទំនើបអភិវឌ្ឍន៍​ដំណាំស្រូវកំពង់ធំ នៅ​ភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងដំណើរចុះផ្ទាល់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញពិនិត្យការ​ប្រមូលផលស្រូវសែនក្រអូប០១ និងទទួល​ស្តាប់នូវ​ស្ថានភាពជាក់ស្តែង​របស់សហគមន៍​។ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត​ក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បី​ត្រៀមដាំនូវពូជស្រូវចំប៉ីស៧០​។

​ លោក​ ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ និងកក់ក្តៅ​ចំពោះវត្តមានឯកឧត្តមរដ្ឋមន្ត្រី​កសិកម្មដែលបានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់។ លោកថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្ម​ទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយ​ចំណាយមិនចាំបាច់ ,មានមន្ត្រីកសិកម្មជួយណែនាំ​ និងផ្តល់បច្ចេកទេស​ក្នុងការដាំដុះ ហើយទទួលបានទិន្នផល​ច្រើនជាងធ្វើការដាំដុះដាច់ដោយឡែក ។ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងមុន។

ការមានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ បានអំណោយផលដល់ការ​​​​ដាំដុះទាំងរដូវប្រាំង និងរដូវវស្សារបស់សហគមន៍។លោកប្រធាន​សហគមន៍​បន្តថា នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរគរប្រជាកសិករ​ឱ្យចូល​រួមក្នុងសហគមន៍​កសិកម្មទំនើប ដើម្បីពង្រឹង​ និងពង្រីកការដាំដុះដំណាំ​ស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។

 ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការឈានទៅមុខរបស់សហគមន៍ ឯកឧត្តម​រដ្ឋមន្ត្រីកសិកម្ម បានកោតសរសើនិង​លើកទឹកចិត្ត​ដល់​សហគមន៍​កសិកម្ម​ទំនើប ឱ្យបន្តសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផល​ប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង ។ភាពយូរអង្វែង​សំដៅជួយលើកស្ទួយវិស័យកសិកម្ម​ឱ្យកាន់តែ​មានប្រសិទ្ធភាព​ខ្ពស់ និងរីក​ចម្រើនថែមទៀត៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner