លោក Trump បញ្ជាឱ្យរឹតបន្តឹងការវិនិយោគរបស់ចិនក្នុងតំបន់យុទ្ធសាស្ត្រ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីណែនាំមួយ ឱ្យគណៈកម្មាធិការវិនិយោគបរទេសរបស់អាមេរិក រឹតបន្តឹងលេីការវិនិយោគរបស់ចិននៅក្នុងតំបន់យុទ្ធសាស្ត្រ។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមានម្នាក់សុំមិនបញ្ចេញឈ្មោះ។
មន្ត្រីសេតវិមានរូបនេះ បានឲ្យដឹងទៀតថា រដ្ឋបាលលោក ត្រាំ នឹងពិចារណាលើការរឹតបន្តឹងថ្មី ឬពង្រីកការរឹតបន្តឹងលើការវិនិយោគរបស់អាមេរិកចំពោះចិន នៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ រួមមាន ស៊ីមីខុនដាកទ័រ អេអាយ អវកាស (semiconductors AI អវកាស) និងវិស័យច្រើនទៀត។
នៅក្រោមសេចក្តីណែនាំនេះ អាមេរិកនឹងបង្កើតច្បាប់ថ្មី ទប់ស្កាត់ការកេងប្រវ័ញ្ចនៃដើមទុន បច្ចេកវិទ្យា និងចំណេះដឹងរបស់ខ្លួនពីសត្រូវបរទេស ដូចជាចិន ដើម្បីធានាថា មានតែការវិនិយោគដែលបម្រើផលប្រយោជន៍ឱ្យអាមេរិកប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យវិនិយោគ។
សេចក្តីណែនាំនេះទៀតសោត ក៏មានគោលដៅជំរុញការវិនិយោគបរទេស និងការពារ ផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ពីការគំរាមកំហែងបង្កឡើងដោយចិន។
យោងតាមក្រុមហ៊ុន រ៉ូតយ្យ៉ូម គ្រុប បានឲ្យដឹងថា ការវិនិយោគរបស់ចិនប្រចាំឆ្នាំនៅអាមេរិក បានធ្លាក់ចុះពី ៤៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ មកតិចជាង ៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

