លោក Trump ជំរុញលោក Musk ធ្វើខ្លួនកាន់តែសាហាវ ក្នុងការជម្រុះបុគ្គលិករដ្ឋាភិបាល
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ បានជំរុញឱ្យលោកមហាសេដ្ឋី អេឡុន ម៉ាស ធ្វើខ្លួនឲ្យកាន់តែសាហាវ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយបុគ្គលិករដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានភាពចលាចល ជុំវិញការបញ្ឈប់ការងារ និងការកាត់បន្ថយការចំណាយយ៉ាងធ្ងន់ធ្ងរក៏ដោយ។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់គាត់ថា លោក អេឡុន កំពុងធ្វើការងារដ៏អស្ចារ្យ ប៉ុន្តែខ្ញុំចង់ឃើញគាត់កាន់តែសកម្មជាងនេះទៀត … ត្រូវចាំថា យើងមានប្រទេសមួយដែលត្រូវតែសង្គ្រោះ ហើយទីបំផុត ធ្វើវាឱ្យកាន់តែអស្ចារ្យជាងមុនទៀត។
ការកាត់បន្ថយបុគ្គលិកចុងក្រោយបំផុត ដែលបានប្រកាសកាលពីថ្ងៃសុក្រ នោះគឺក្រសួងការពារជាតិអាមេរិកនឹងកាត់បន្ថយកម្លាំងពលកម្មស៊ីវិលរបស់ខ្លួនយ៉ាងហោចណាស់ ៥ភាគរយ គិតចាប់ពីសប្តាហ៍ក្រោយតទៅ។
នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក អេឡុន ម៉ាស ដែលជាអង្គភាពបង្កើតឡើងដោយលោក ត្រាំ បានវាយលុកទូទាំងភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ ដោយបានបណ្តេញបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ រាប់ចាប់ពីអ្នកវិទ្យាសាស្ត្រដល់អ្នកអនុរក្សឧទ្យាន ដែលភាគច្រើនជាមន្រ្តីហាត់ការ។
នាយកប្រតិបត្តិ Tesla និង SpaceX លោក អេឡុន ម៉ាស គឺជាអ្នកមានបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
