ពួក Hacker កូរ៉េខាងជើងលួចលុយ ១.៥ ពាន់លានដុល្លារ ពីក្រុមហ៊ុនជួញដូររូបិយប័ណ្ណគ្រីបតូ
ព្យុងយ៉ាង ៖ ពួក Hacker ឬក្រុមវាយប្រហារផ្នែកព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ត្រូវបានគេជឿថា បានលួចលុយ ១.៥ ពាន់លានដុល្លារ ពីក្រុមហ៊ុនជួញដូររូបិយប័ណ្ណគ្រីបតូ Bybit នេះបើយោងតាមការអះអាងរបស់អ្នកស្រាវជ្រាវសន្តិសុខ។
ក្រុមហ៊ុន Bybit បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ពួក Hacker បានចូលគ្រប់គ្រងកាបូប ethereum (ETH) គឺជាអ្វីដែលមនុស្សភាគច្រើនប្រើ ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល និងអត្តសញ្ញាណរបស់ពួកគេ ហើយបានផ្ទេរប្រាក់ប្រហែល ១.៥ពាន់លានដុល្លារទៅកាន់គណនេយ្យដែលមិនស្គាល់អត្តសញ្ញាណ។
ភ្លាមៗ នាយកប្រតិបត្តិ Bybit លោក Ben Zhou បានបង្ហោះសារនៅលើវេទិកា X ថា ក្រុមហ៊ុនវិភាគ Blockchain ដែលកំពុងតាមដានការលួចលុយរាប់ពាន់លានដុល្លារនេះ បានចោទប្រកាន់លើក្រុម Lazarus របស់កូរ៉េខាងជើង។
Lazarus Group គឺជាក្រុម hacking ជាប់ទណ្ឌកម្មអាមេរិក ហើយត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ransomware “WannaCry”, ការ Hack ចូលធនាគារអន្តរជាតិ និងគណនីអតិថិជន ព្រមទាំងវាយប្រហារតាមអ៊ីនធឺណិតក្នុងឆ្នាំ ២០១៤ លើក្រុមហ៊ុន Sony Pictures Entertainment។
យោងតាមក្រុមហ៊ុនវិភាគ blockchain Chainalysis បានឱ្យដឹងថា ការលួចលុយគ្រីបតូដែលមានជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើងបានកើនឡើងទ្វេដងពីឆ្នាំ ២០២៣ ហើយឈានដល់កម្រិតខ្ពស់បំផុតមានចំនួន ១.៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤៕


ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា