លេខាធិការគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, ឯកឧត្តម យីន លី បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព,​ ស្ថិរភាពនយោបាយ,​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្តម យីន លី បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី, សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើន​ និងកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​​ ចិន-កម្ពុជា ក្នុងក្របខ័ណ្ឌរដ្ឋ,​ បក្ស និងប្រជាជន។ ជាមួយគ្នានោះ, ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ និង​គណៈប្រតិភូនាពេលនេះ គឺចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថារដ្ឋធានីប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត​ ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការលើគ្រប់វិស័យ​កម្ពុជា-ចិន។ សម្ដេចធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ការកសាងផ្លូវល្បឿនលឿន, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ជាដើម។

សម្ដេចធិបតី និងឯកឧត្តម យីន លី ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើវិស័យសក្ដានុពលជាច្រើនដែលរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, បច្ចេកវិទ្យាឌីជីថល, សិល្បៈ-វប្បធម៌, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner