ស្ថានីយបូមទឹក និងផលិតទឹកស្អាតថ្មីទី២ ក្នុងក្រុងកំពង់ចាម នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥រួមជាមួយមន្រ្តីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព័ន្ធទឹកស្អាតក្នុងក្របខ័ណ្ឌក្រុងកំពង់ចាម ដែលសម្រេចការសាងសង់បានជាង៨០ភាគរយ ។នេះជាស្ថានីយទី២ របស់ខេត្ត។
សូមជម្រាបថា វិស័យទឹកស្អាតរបស់រដ្ឋនៅក្រុងកំពង់ចាមកំពុងធានាបាននូវការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់។ដោយឡែកស្ថានីយបូមទឹកទី២ ដែលជិតដាក់ដំណើរការឱ្យប្រើប្រាស់ ខណៈស្ថានីយបូមទឹកទី៣ បាននិងកំពុងសិក្សាបញ្ចប់ផងដែរ។ក្នុងនេះគម្រោងសិក្សា៣គម្រោងផ្សេងទៀត បាននិងកំពុងសិក្សាដូចគ្នា ក្នុងគោលដៅពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតប្រកបដោយស្តង់ដាក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាមនៅថ្ងៃអនាតដ៏ខ្លី។នេះបើតាមរដ្ឋបាលខេត្តអះអាង។
របាយការណ៍របស់រដ្ឋាករទឹកកំពង់ចាម បានឱ្យដឹងថា ការងារសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញក្នុងខេត្តកំពង់ចាម មានរយៈពេល ២០ខែ គិតមកដល់ពេលនេះអនុវត្តការសាងសង់ សម្រេចបានលទ្ធផលប្រមាណ ៨៦ភាគរយ ហើយ ។
ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនក្នុងតំបន់សេវាកម្មបានប្រមាណ ៧.០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់។គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។គម្រោងនេះ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD។
សូមជម្រាបថា នាបច្ចុប្បន្នរដ្ឋាករទឹកកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទី១ ស្ថិតនៅក្នុងភូមិទី ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិត ១១.៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោង ក្នុងមួយថ្ងៃ ។មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋបាន ១៨.៥៩៣គ្រួសារ ស្មើនឹង៧៣ភាគរយទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់ លើផ្ទៃសេវាកម្មបានចំនួន ៦២ភូមិនៃ៨២ភូមិ និងស្មើ៨៣ភាគរយ ៕





ដោយ៖លី ពៅ