តំបន់ព្រៃសហគមន៍ចង្រ្កានរយ នៅក្នុងខេត្តសៀមរាប ផ្តល់កន្លែងសម្រាប់ការលំហែបៃតង ដូចជាបោះតង់ គយគន់សម្រស់ធម្មជាតិ និងជីវិតសត្វព្រៃ/សត្វស្លាប
(ភ្នំពេញ)៖ ទីតាំងថ្មរដិបរដុបជាច្រើន ត្រូវបានអ្នកភូមិហៅថា «ចង្ក្រានរយ»។ សហគមន៍អេកូទេសចរណ៍ធម្មជាតិចង្រ្កានរយ ជាប់ក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។ «ព្រៃសហគមន៍ចង្ក្រានរយ» ជាតំបន់លំហែបៃតងបែបធម្មជាតិ និងផ្សងព្រេង ដែលសម្បូរទៅដោយ ព្រៃឈើ ទេសភាពទឹកធ្លាក់ ផ្ទាំងថ្មធំៗ មានសត្វព្រៃ និងសត្វស្លាបជាច្រើនរយប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត ។
ចាប់តាំងពីម៉ោង ០៥ភ្លឺ អ្នកទេសចរណ៍ អាចធ្វើដំណើពីទីតាំងស្នាក់ការសហគមន៍ បានឃើញសត្វជាច្រើនប្រភេទ ដូចជាសត្វស្លាបកម្រ នៅក្នុងព្រៃសហគមន៍ចង្រ្កានរយ។ ការចូលមើលសត្វស្លាប និងការថតសត្វស្លាប គឺជាកត្តាជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍ ដែលអាចរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ។
សូមបញ្ជាក់ថា ៖ សហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លើទំហំផ្ទៃដីចំនួន ៩.១០៤ហិកតា និងមានប្រជាជនរស់នៅរហូតដល់ ៣.៨៨៣គ្រួសារ ។ លក្ខណៈពិសេសរបស់សហគមន៍គឺពោរពេញដោយសម្រស់ព្រៃឈើធម្មជាតិដែលអាចទាក់ទាញភ្ញៀវទេសចរ ដែលអាចជាចំណែកជួយលើកកម្ពស់ជីវភាព របស់ប្រជាជន និងគាំទ្រដល់កិច្ចការងារអភិរក្សក្នុងតំបន់ ។
អ្នកស្រី ឈឿន សុឌី ប្រធានគណៈកម្មការសហគមន៍ចង្ក្រានរយ បានលើកឡើងថា សមិទ្ធិផលដែលសហគមន៍កំពុងទទួលបានភ្ញៀវមកទស្សនាឥតដាច់នាពេលនេះ បានមកពីការខិតខំប្រឹងប្រែងផ្ទាល់របស់សហគមន៍ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ លើសពីនេះសហគមន៍បានពន្យល់ និងណែនាំសមាជិក និងប្រជាពលរដ្ឋនៅជុំវិញ ឱ្យយល់ពីសារៈសំខាន់ក្នុងការថែរក្សាព្រៃឈើ និងចូលរួមដាំស្តារព្រៃឈើ ដែលអាចទាញប្រយោជន៍បានយ៉ាងសម្បូរបែប លើសពីការកាប់ព្រៃឈើខុសច្បាប់ ។
ប្រជាសហគមន៍បានចូលរួមដាំស្តារព្រៃដែលរិចរឹល បានមួយចំនួនបន្ថែមទៀត នៅក្នុងភូមិសាស្រ្តដីព្រៃសហគមន៍ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ ក្នុងឆ្នាំ២០២៤ កន្លងទៅ សហគមន៍បានដាំស្តារព្រៃទំហំ៣៦ ហិកតា តាមរយៈគម្រោងរបស់ក្រសួងបរិស្ថាន ដែលមានឈ្មោះថា INRM ដែលគាំទ្រមូលនិធីពីGEF និង UNDP។ គម្រោងបានចូលរួមថែរក្សាព្រៃឈើ រួមទាំងការចូលរួមដាំស្តារព្រៃឡើងវិញ និងការគិតគូរ ដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយធានាឱ្យបាននូវអនាគតដ៏ល្អប្រសើរសម្រាប់បរិស្ថានផងនិងជីវភាពរបស់សមាជិកសហគមន៍ផងដែរ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា តំបន់ដែលមានជីវចម្រុះសម្បូរបែប ដូចជានៅក្នុងព្រៃសហគមន៍ចង្រ្កានរយ អាចទទួលបានអត្ថប្រយោជន៍ ពីការហូរចូលនៃអ្នកមើល និងអ្នកថតសត្វស្លាប ក៏ដូចជាអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានផ្តល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងសំខាន់ដល់សហគមន៍មូលដ្ឋាន ហើយការទទួលបានចំណូលបន្ថែមរបស់សមាជិកសហគមន៍ គឺជាការចូលរួមចំណែកឱ្យការ ការពារនិងអភិរក្សធនធានធម្មជាតិ មាននិរន្តរភាពបន្តទៅកូនចៅរបស់ពួកគាត់ ៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ សែម បូរិន